ខេត្តកំពង់ឆ្នាំង ៖ សិស្សានុសិស្ស ជ័យលាភី៤៤នាក់នៃវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង សិស្សមធ្យមសិក្សាទុតិយ ភូមិជំនាន់៩ និងសិស្សមធ្យមសិក្សាបឋមភូមិជំនាន់ទី៦ បានទទួលសញ្ញាបត្រ បន្ទាប់ពីបានបញ្ចប់ការសិក្សាបានដោយជោគជ័យ ។
ពិធីប្រគល់សញ្ញាបត្រនេះបានធ្វើឡើងក្រោមអធិបតី
ភាព លោក ស៊ើក ទំា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីលោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា ដែលបានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជា និង លោក អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា បានឱ្យដឹងតាមរយះអ្នកបកប្រែថា វិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៧ ដែលមានកម្រិតសិស្សសិក្សាតាំងពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និង បន្តអភិវឌ្ឍន៍វិទ្យាល័យ ក្រៅពីសាលាចំណេះទូទៅ វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញ កាត់ដេរ កំព្យូទ័រ កសិកម្ម និង បសុវប្បកម្ម ហើយ វិទ្យាស្ថាននេះមានទស្សនវិស័យ លើកកម្ពស់ស្រ្តី ក្នុងសហគមន៍ឥស្លាម ឱ្យមានសមត្ថភាព លើកស្ទួយជីវភាពគ្រួសារ និង អភិវឌ្ឍន៍គ្រួសារឱ្យកាន់
តែប្រសើរឡើង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ស៊ើក ទំា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាៈ តាមរយៈរបាយការណ៍របស់វិទ្យាស្ថាន បានឆ្លុះបញ្ចាំង ឱ្យឃើញថា វិស័យអប់រំឥស្លាមនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងដើរទន្ទឹមប្រព័ន្ធអប់រំជាតិ ជាពិសេសឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំយុវជននិងកីឡា ដើម្បីកសាងអភិវឌ្ឍន៍នៅធនធានមនុស្សប្រកបដោយគុណភាព និង សមត្ថភាពពេញលេញ ប្រកបដោយចំណេះជំនាញគ្រប់គ្រាន់ផងដែរ ។
សមាជិកក្រុមប្រឹក្សាខេត្តបានបញ្ជាក់ទៀតថាៈ ផ្អែកលើសមិទ្ធផល និង ការយកចិត្តទុកដាក់ ពីរាជរាដ្ឋាភិបាល សហគមន៍ឥស្លាមកម្ពុជាបានចាប់ផ្តើមពង្រឹង នូវប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន ដោយមានការបើកទូលាយ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នងការធ្វើទំនាក់ទំនង ជាមួយ សហគមន៍ឥស្លាម នៅតាមបណ្តាលប្រទេសជាមិត្ត នៅក្នុងតំបន់ និង ជុំវិញពិភពលោក ធ្វើឱ្យសហគមន៍ឥស្លាមមានលទ្ធភាពជាងមុន មានអគារសិក្សា កសាងបានសមិទ្ធផលលើវិស័យអប់រំបានចូលរួមចំណែក ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់ ។
នៅក្នុងឱកាសនោះ គណអធិបតីភាពបានប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង មធ្យមសិក្សាបឋមភូមិ ដល់សិស្សជ័យលាភី៤៤នាក់ អមជាមួយនិងថវិកាមួយចំនួន និង បានឧបត្ថម្ភថវិកាដល់ភ្ញៀវកិត្តិយសដែលបាបចូលរួម និង កាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់នូវបណ្ណាល័យនៃវិទ្យាស្ថានអប់រំ ឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង ជាជំនួយរបស់សប្បុរស ជននៃរដ្ឋកាតាផងដែរ ៕