ធនាគារហត្ថា ឧបត្ថម្ភប្រាក់ចំនួន ៣០ លាន រៀល ដល់មន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
ទឹកប្រាក់ចំនួន ៣០ លានរៀល របស់ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និង ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ត្រូវបានលោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារ ហត្ថា ដឹកនាំប្រតិភូ យកទៅប្រគល់ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៤ ។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ហត្ថាចំពោះសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ។
មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប ផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជម្ងឺរ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះ ការចូលរួមប្រាក់ឧបត្ថម្ភរបស់ធនាគារ ហត្ថា នេះនឹងជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប ។ ធនាគារ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយ ស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឲ្យកាន់ល្អតែប្រសើរ។
លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារ ហត្ថា បានថ្លែងអំណរគុណ និងអបអរសាទរ ដល់ការរួមចំណែកចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តម្ភរបស់មន្ទីរពេទ្យកុមារអង្គរ។ គាត់មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសលើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួមក្នុងការផ្តល់ផលជាវិជ្ជមានទៅឲ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្មជូន។ លោកក៏បានគូសបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ និង ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន ។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ គ្រូ ពេទ្យនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រ ពីធនាគារ ហត្ថា ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឲ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង។ លោកបានបន្តថា ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដ៏ទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ។
ឆ្លៀតក្នុងឱកាសនោះដែរលោក Wee Mun Seng និងប្រតិភូធនាគារ ហត្ថា បានចុះជួបសំណេះសំណាលជាមួយ មាតាបិតា អាណាព្យាបាល កុមារមានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ កុមារអង្គរ ព្រមទាំងបានឧបត្ថម្ភនូវ ថវិកា ដល់អ្នកជម្ងឺផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *