ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅស្រុកភ្នំក្រវាញ

ខេត្តពោធិសាត់៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាបបទ លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធិមនុស្ស ដែលបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានក្រវាញ ក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នាថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត លោកស្រីវេជ្ជបណ្ឌិត ម៉ារីណាទ្រាស តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន មកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង-ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរចំណុះសាលាខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងអង្គការដៃគូសុខាភិបាលពាក់ព័ន្ធចំនួន១២០០នាក់ ។

ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ចំនួន១ កម្រិត១ចំនួន៤ មណ្ឌលសុខភាព៤៧ក្នុងនោះមណ្ឌលសុខភាពស្ថិតក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ចំនួន២៨និងភូមិ១៥៧អ្នកស្ម័គ្រចិត្តភូមិ៣១៤នាក់ អ្នកផ្តល់សេវាឯកជន៣៩៥នាក់ និងមន្ត្រីសុខាភិបាល៨២៧នាក់។

ក្នុងឱកាសនេះលោកស្រីវេជ្ជបណ្ឌិត ម៉ារីណាទ្រាសតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងលោកស្រី ខែល រី ផែលស្មែន នាយិការបេសកកម្ម យូអេសអេអាយឌី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាការសម្រេចលទ្ធផលពិសេសមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលបន្ថយជំងឺគ្រុនចាញ់ ហើយ អង្គការសុខភាពពិភពលោកបានពន្លឿនយ៉ាងខ្លាំងក្លាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលលទ្ធផលទាំងនេះគឺដោយសារប្រទេសកម្ពុជាបានអនុវត្តនូវយុទ្ធសាស្រ្តថ្មី ដូចជា កម្មវិធីជំហានចុងក្រោយចុងក្រោយ ដោយមានអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ជាអ្នកអនុវត្តការងារជួរមុខដ៏មានប្រសិទ្ធភាពក្នុងភូមិដែលមានការចម្លងនៅខ្ពស់ និងនៅក្នុងភូមិ។

ដើម្បីឈានទៅទទួលបាននូវវិញ្ញាបណ្ណបត្រគ្មានជំងឺគ្រុនចាញ់សម្រាប់ប្រទេស គួរតែចាប់ផ្តើមកត់ត្រានូវសកម្មភាពការងារវាយតម្លៃនូវខេត្ត-ស្រុកដែលគ្មានជំងឺគ្រុនចាញ់កន្លងមក ខេត្ត-ស្រុកដែលសម្រេចបានសូន្យករណីជំងឺគ្រុនចាញ់ ត្រូវរកវិធីបង្ការការវិលត្រឡប់នៃជំងឺគ្រុនចាញ់ និងចុងក្រោយសូមបង្កើត និងពង្រីកការតាមដានប្រសិទ្ធភាពថ្នាំនៃជំងឺគ្រុនចាញ់។

ជាមួយគ្នានោះសូមសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ក៏ដូចជាម្ចាស់ជំនួយ និងខិតខំស្វែងរកនូវយុទ្ធសាស្ត្រថ្មី ដើម្បីឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាព ដែលនឹងឈានទៅដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ពេលខាងមុខនេះ។

ក្នុងឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធមនុស្ស ដើម្បីលើកកម្ពស់សុខុមាលភាព» ដែលមានខ្លឹមសារដើមសំខាន់ៗ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងរំលឹក និងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។

សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិតថ្មីៗ និងទម្លាប់ជាទូទៅ ឱ្យកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីឈឺដោយសារជំងឺគ្រុនចាញ់ ព្រោះថាពេលនេះជាឱកាសដ៏អំណោយផលរបស់ប្រទេសកម្ពុជា ។

តាមរយៈសកម្មភាពសហគមន៍ចូលរួមរស់នៅបែបគន្លងថ្មីក្រោមទស្សនទានថ្មីៗ ដើម្បីធានាបាននូវអ្នកឆ្លងតិច គ្មានអ្នកស្លាប់ និងពុំមានការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍។

ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។

សម្តេច មហាបវធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិ បាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់នឹងបន្តរួមចំណែកចូលរួមសហការគ្នាជាប្រព័ន្ធតួអង្គតែមួយ គាំទ្រដល់ការសម្រេចនូវបេសកកម្មលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាព ក្នុងបុព្វហេតុរួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅគោលដៅនៃចក្ខុវិស័យឆ្នាំ២០២៥គ្មានជំងឺគ្រុនចាញ់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *