រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យស្ថានភាព ប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ

 ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងមន្ដ្រីជំនាញ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ នេះ បានអញ្ចើញចុះពិនិត្យមើលស្ថានភាពប្រភពផ្គត់ផ្គង់ទឹក នៅស្រុកចំនួន២ គឺស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឆាយ ឫទ្ធិសែន មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាព នៃប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ ដើម្បីឆ្លើយតប នឹងសភាពការណ៍បច្ចុប្បន្ន ដែលពិភពលោក កំពុងជួបប្រទះវិបត្តិ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចនៅក្នុងប្រទេសកម្ពុជានាឆ្នាំនេះ ដែលអាកាសធាតុខែប្រាំងនេះមានការកើនកម្តៅ ដែលជាការព្រួយបារម្ភអំពីជួបប្រទះនូវភាពរាំងស្ងួតខ្លាំង អាចធ្វើឱ្យប្រជាពលរដ្ឋ ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។

ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យស្ថានភាពអណ្តូងស្នប់ទឹកចំនួន២កន្លែងនិងស្រះទឹកសហគមន៍មួយកន្លែងដែលរីងស្ងួតស្ថិតក្នុងឃុំក្រាំងស្គា និងស្រះទឹកសហគមន៍មួយកន្លែងទៀត ដែលគោករាក់ ស្ថិតក្នុងឃុំក្តុលសែនជ័យផងដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានបន្ដចុះពិនិត្យ ស្ថានភាពប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់របស់សហគមន៍ ដែលរួមមាន អណ្ដូងលូ អណ្ដូងស្នប់ និងពាងយក្សស្តុកទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ដ្រឃុំចំនួន ៤ទៀត គឺឃុំខ្នាឆ្មារ ឃុំសេដ្ឋី ឃុំស្វាយ និងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ។

និងបានប្រគល់ជូនធុងសម្រាប់ស្តុកទឹកចំនួន៧៨ធុង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាលពីប្រភពទឹក ទុកសម្រាប់ប្រើប្រាស់បណ្តោះអាសន្នផងដែរ ។

ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និង កិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុរបស់អាកាស ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *