ជនមិនស្គាល់អត្តសញ្ញាណ ដុតព្រៃយកឃ្មុំ ត្រូវភ្លើងឆាបឆេះវាលស្រែ និង ព្រៃសហគមន៍ ចំនួន ០២ទីតាំងផ្សេងគ្នា

សៀមរាប៖ កាលពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនមិនស្គាល់អត្តសញ្ញាណបានដុតព្រៃយកឃ្មុំ ត្រូវបានភ្លើងឆាបឆេះ ទីតាំង០២ ផ្សេងគ្នា ក្នុងនោះឆេះវាលស្រែអស់ ៣០ ហិកតា និង ព្រៃសហគមន៍អស់២០ ម៉ែត្រក្រឡា ស្ថិតនៅចំណុចត្រពាំងប្រឹស ក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក គឹម វណ្ណះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម បានឲ្យដឹងថានៅថ្ងៃតែមួយ វេលាខុសគ្នា ស្ថិតក្នុងឃុំដានរុន មានករណីឆេះព្រៃលិចទឹក ២កន្លែងផ្សេងគ្នា ទី១-ឆេះវាលស្រែប្រាំងនៅចំណុចត្រពាំងប្រឹស ស្ថិតភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ករណីឆេះវាលស្រែ (គល់កញ្ជាំ្រង) អស់ទំហំជាង ៣០ ហិចតា និង ព្រៃសហគមន៍ប្រហែល ២០ ម៉ែត្រក្រឡា ហើយត្រូវបានកម្លាំងសមត្ថកិច្ចយើងសហការជាមួយកម្លាំងប្រជាការពារ និង ប្រជាពលរដ្ឋចុះទៅពន្លត់បានជោគជ័យ ។ ទី២-ឆេះព្រៃឃ្លាំងទឹក ទំនប់២០០៣ ស្ថិតនៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយឆេះក្នុងផ្ទៃដីប្រហែល ០៣ហិចតា ។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងសហការជាមួយប្រជាការពារ និងប្រជាពលរដ្ឋពន្លត់គ្រប់គ្រងបានខ្ទង់ ៦០% តែដោយសារយប់ងងឹត គ្មានផ្លូវរថយន្តពន្លត់អគ្គិភ័យចូលបាន ក្រុមការងារយើងបានបាញ់ទឹកស្កាត់ទប់ផ្លូវភ្លើង កុំឲ្យឆេះឆ្លងទៅកន្លែងផ្សេង ទៀត ដើមី្បរង់ចាំថ្ងៃស្អែក ទៅពិនិត្យនិងពន្លត់បន្តទៀត ។ លោកបានបន្តទៀតថា ភ្លើងឆេះព្រៃនេះ មិនបានបង្ករាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ។ ក្នុងកិច្ចចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនេះ ដោយមានកម្លាំងសរុប ៧៧នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋានស្រុក ១គ្រឿង គោយន្តដឹកស៊ីតែនទឹក ១គ្រឿង ម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកទឹក ១គ្រឿង និង ម៉ាស៊ីនបូមទឹក ២គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៨ពាន់លីត្រ ។ បច្ចុប្បន្ន កម្លាំងចម្រុះបានបន្ត ធ្វើការពន្លត់ ភ្លើងដែលមិនទាន់ពន្លត់បានទាំងស្រុងនៅឡើយ ដោយបញ្ហាភូមិសាស្ត្រព្រៃស្តុក គ្មានផ្លូវចូលទៅ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *