ក្នុងឱកាសចូលឆ្នាំថ្មីភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប ប្រមាណ ១លាននាក់

នៅក្នុងរយៈពេល០៤ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានភ្ញៀវមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប។ ការប្រារព្វ ប្រតិបត្តិប្រពៃណីទំនៀមទំលាប់ដូនតា ក្នុងការបង្កភាពសប្បាយរីករាយរបស់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ និង បានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយ៍ ។ ប្រជាពលរដ្ឋបានសម្តែងការដឹងគុណ សន្តិភាព ដែលបង្កលក្ខណៈ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប បានរៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និងរតនៈសម្បត្តិដ៏មានតម្លៃក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្ស តាមពាក្យស្លោកពោលថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
បើយើងក្រឡេកមកមើលនៅខេត្តសៀមរាប អំពីស្ថានភាពភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានដំណើរការឡើងវិញ បានធ្វើឲ្យបងប្អូនជាប្រតិបត្តិករទេសចរណ៍ជាតិ អន្តរជាតិ ទទួលស្វាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ស្ថិតក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង សូមថ្លែងអំណរគុណស្មារតីជ័យជម្នះ ៧មករា អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលបានធ្វើឲ្យមហាគ្រួសារខ្មែរ មានភាពសុខក្សេមក្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងដំណើរកម្សាន្តគ្រប់ទីកន្លែង សំខាន់នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ។
យោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេល ០៤ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤នេះ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ១លាន២៣៩ពាន់៨០៨នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅទស្សនារមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និង ទៅទស្សនានៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀតផង ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ១លាន២២៣ពាន់នាក់ , ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៦៦០ពាន់ នាក់ , បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣ពាន់នាក់ និង ភ្ញៀវទេសចរបរទេសមានចំនួន ១៦ពាន់៨០៨ នាក់ ។
សូមបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១និងទី២ ភ្ញៀវដែលចូលមកទស្សនាកម្សាន្ត ក្នុងសៀមរាបសង្ក្រាន្ត មានចំនួន ប្រមាណ ៤៦៣ពាន់៥៤០ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧ពាន់៨០៧នាក់ ,ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨ពាន់នាក់ ។ ចំពោះនៅថ្ងៃទី១៦ មេសា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ២៨៣ពាន់៨១៧ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៣ពាន់៨១៧ នាក់ ,បងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២៨០ពាន់នាក់ ។
ម៉្យាងទៀត មុនពេលបងប្អូនយើង ចេញដំណើរទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ ក៏មិនបានភ្លេចឡើយ ក្នុងការចូលទៅគោរព ប្រតិបត្តិបូជាទៀន ធូក ថ្វាយផូងផ្កា ដល់ព្រះអង្គចេកព្រះអង្គចម ដែលជាព្រះពុទ្ធរូបដ៏ស័ក្តសិទ្ធិនៃទឹកដីអង្គរនៃយើង ដើមី្បសុំនូវសេចក្តីសុខ ចម្រើនជូនដល់ក្រុមគ្រួសារ ញ្ញាតិមិត្តបងប្អូនកូនចៅ សំខាន់សូមឲ្យបារមីជួយថែរក្សាឲ្យបានគង់វង្សជា រៀងរហូតនូវសុខសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជាទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *