រដ្ឋបាលខេត្តប្រារព្ឋពិធីសាសនា ពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តរាជបូណ៌

នៅថ្ងៃទី១៥ ខែមេសា គ.ស.២០២៤ ជាថ្ងៃវារៈវន័បត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយវត្តមានឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា បានប្រារព្ឋពិធីសាសនា ពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៅតាម ប្រពៃណី សាសនាទំនៀមទម្លាប់ខ្មែរនៅវត្តរាជបូណ៌ក្រុងសៀមរាប ដោយបានការនិមន្តយាងរបស់ ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភាព្រះពុទ្ឋសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជា សម្តេចព្រះចៅអធិការវត្តរាជបូណ៌ខេត្តសៀមរាប មួយអន្លើដោយព្រះមេគណទាំងពីរគណៈនិងមន្ត្រីសង្ឃខេត្ត បានប្រោះព្រហ្ម សូត្រជ័យន្តោចម្រើនពរមង្គលគ្រប់ប្រការដើម្បីសិរីសួស្តីនិងសេចក្តីសុខចម្រើនដល់ថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប។
ជាធម្មតា តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីតែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ ហើយក្នុងឱកាសចូលឆ្នាំថ្មីក៏មានពិធីពិធីសាសនាជាច្រើននៅតាមវត្តអារាមនានាផងដែរ ក្នុងនោះ ពិធីពូនភ្នំខ្សាច់ដែលគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ដែលខ្មែរយើងតែងតែនិយមធ្វើជារៀងរាល់ពេលចូលឆ្នាំឬធ្វើក្នុងឱកាសពិធីផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ជាដើម ក្រៅពីនេះគេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា ដើម្បីរំដោះគ្រោះចង្រៃផ្សេងៗ។ ការពូនភ្នំខ្សាច់នេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយ ហើយភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចធំខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ការសាងវាលុកចេតិយនេះ គេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។ បើយោងតាមឯកសារទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនបានសរសេរថា ការធ្វើពិធីពូនភ្នំខ្សាច់គឺមានអត្ថន័យមួយចំនួនទៀតដូចជា ១ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស។ ពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមកជាដើម ។ ពិធីស្រង់ព្រះ ដែលគេបាននាំគ្នារៀបចំពិធីស្រោចទឹកឪពុកម្តាយ ជីដូនជីតាឬចាស់ទុំក្នុងភូមិស្រុក ដើម្បីជាការសុំខមាទោសចំពោះអំពើមិនគម្បីណាមួយដែលពួកគេបានប្រព្រឹត្តចំពោះលោកអ្នកដ៏មានគុណទាំងនោះផងនិងដើម្បីតបស្នងសងគុណចំពោះគុណូបការៈរបស់លោកអ្នកដ៏មានគុណទាំងនោះ និង សុំពរជ័យសព្ទសាធុការពីលោកអ្នកដ៏មានគុណនិងចាស់ព្រឹទ្ធាចារ្យទាំងអស់នោះសម្រាប់នាំមកនូវសំណាងល្អ អាយុយឺនយូរ រកស៊ីមានបាននិងសេចក្តីសុខចម្រើនក្នុងឆ្នាំថ្មីនេះផងដែរ ។ សម្តេចព្រះព្រហ្មរតនមុនី ក៏បានមានសង្ឃដិកា ដល់ឯកឧត្តម អភិបាលខេត្តសៀមរាប សូមឲ្យនៅសង្ក្រាន្តឆ្នាំក្រោយ សុំឲ្យរៀបចំនូវសម្លៀកបំពាក់បុរាណដូនតាខ្មែរយើង ក្នុងគោលដៅធ្វើការស្តារឡើងវិញ ពីវប្បធម៌ប្រពៃណីជាតិយើង ដើមី្បជៀសវាងនូវការចោទប្រកាន់ពីប្រទេសដទៃថា ចម្លងវប្បធម៌របស់គេ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *