ខេត្តកំពង់ឆ្នាំង៖ បុរសវ័យជាង ៥០ ឆ្នាំម្នាក់បានដួលស្លាប់ ដោយសារឈ្លក់ផ្សែងភ្លើងដុតកញ្ជ្រាំងស្រូវ ខណៈដែលបុរសរូបនោះ ទៅដុតកញ្ច្រាំងស្រូវរបស់ខ្លួនហើយគ្រប់គ្រង ស្ថានភាពភ្លើងឆេះមិនបាន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ១២ខែមេសាឆ្នាំ ២០២៤ នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ។
យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យ បានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ាន់ ចាន់អាយុ ៥១ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌បៃតងចាស់មានសណ្ដោងរ៉ឺម៉កមួយគ្រឿងនៅលើរ៉ឺម៉កមានដឹកពីដុងទឹកចំនួន៤ និងធុងទឹកចំនួន ១ ដោយជិះតែម្នាក់ឯង លុះមកដល់ចំណុចស្រែរបស់ខ្លួនក៏បានធ្វើការដុតកញ្ជ្រាំងស្រូវ ក្នុងស្រែពេលដុតកញ្ច្រាំងស្រូវរបស់ខ្លួន ធ្វើឱ្យភ្លើងឆេះខ្លាំងរាលដាលចូលទៅស្រែអ្នកដទៃ ពេលនោះជនរងគ្រោះបានព្យាយាមពន្លត់តែមិនរលត់ដោយអស់កម្លាំងខ្លាំងពេកក៏ដួល សន្លប់ហើយភ្លើងក៏បានឆេះមកលើជនរងគ្រោះតែម្ដង។
របាយការណ៍ដដែលបានបញ្ជាក់ថាតាមគ្រួសារជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមាន ជំងឺសួតនិងឡើងឈាម ដែលសមត្ថកិច្ចសង្ស័យថាដោយសារឈ្លក់និងផ្សែងភ្លើងហើយឈាមឡើងខ្លាំងបណ្ដាលឲ្យដួលសន្លប់ទើបភ្លើងកញ្ជ្រាំង ឆេះបណ្ដាលឱ្យស្លាប់តែម្ដង។
នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចេញទៅអន្តរាគមន៍ជួយពន្លត់ដែរ តែជនរងគ្រោះបានស្លាប់ទៅហើយ ក្រោយពីពិនិត្យធ្វើកោសលវិច្ច័យ សពជនរងគ្រោះត្រូវបាន ប្រគល់ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕សុក្ខារិន