សៀមរាប៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ បានបើកដំណើរការក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និង លោកជំទាវ ដោយមានការនិមន្តចូលរួមរបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែន សិរីសុវណ្ណោ និង ព្រះមេគណខេត្តទាំងពីរគណៈ និង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា , រដ្ឋសភា , រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី និង ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណព្រះអង្គចេកព្រះអង្គចម ។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ឧត្តមភាពនៃវប្បធម៌ និង ការផ្សព្វផ្សាយព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ កន្លងមកបានបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ។ ក្រោយពីបញ្ចប់វិបត្តិ ជម្ងឺកូវិដ១៩ ប្រមុខរាជរដ្ឋាភិបាលបានបើកឲ្យដំណើរឡើងវិញ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំនូវព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា តាមរយៈសៀមរាបសង្ក្រាន្ដនេះ ធ្វើឲ្យមានការរំពឹងទុកថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ មានកម្មវិធីជាច្រើន ទាំងនៅក្នុងក្រុង ស្រុកទាំង១៣របស់ខេត្ត ក្នុងការបង្កភាពសប្បាយរីករាយកម្សាន្តដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹង ការចូលទស្សនានៅលើទីតាំង ដែលបានគ្រោងទុក នៃខេត្តសៀមរាបទាំងមូល ។
ឯកឧត្តមឧបន្ាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រ ក្នុងការប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្រោយការបញ្ចប់ខួប១០ឆ្នាំនៃអង្គរសង្ក្រាន ។ ឆ្នាំនេះសង្ក្រាន្តឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅតាមបណ្ដារាជធានី ខេត្តក៏ដូចនៅតាមបណ្តាក្រុង ស្រុក ដើម្បីបង្ហាញ អំពីកេរ្ត៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនៈភាពជាតិ ។ ឯកឧត្តមក៏បាន អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា ប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើង ដែលបង្កលក្ខណៈប្រជាពលរដ្ឋខ្មែរយើង ទាំងជនបរទេស ចូលរួមសប្បាយរីករាយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើ ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់ថ្នាក់ ដឹកនាំខេត្ត មន្តីរ អង្គភាព មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ នៃខេត្តសៀមរាប ។ ឯកឧត្តមបានលើកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជារាជរដ្ឋាភិបាលបន្តវេនថ្មី បាននិងកំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ ក្នុងនោះបានថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង ផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោយស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គី ភាពក្រោមបរិយាកាសសប្បាយរីករាយ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឲ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ ការរៀបចំសង្ក្រាន្តបានបង្កើតនូវព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរវាងមនុស្ស និងបេតិកភណ្ឌ រូបិយ រវាងអរូបិយ និងរូបិយជាមួយគ្នាផងដែរ ។ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឲ្យបានគង់វង្ស បំផុសគំនិតរូបរួម កម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍” “អភិវឌ្ឍន៍ ដើម្បីអភិរក្សវប្បធម៌ អត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប ជំនាន់ថ្មីនេះ ព្រមទាំងជាការផ្តល់ឱកាសឲ្យ ពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផល វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារដោយទៅលើការបង្ហាញពីអត្ត សញ្ញាណវប្បធម៌ក្នុងតំបន់។ ទន្ទឹមនេះ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត គឺជាព្រឹត្តិការណ៍បន្តវេនពីមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោកតាមរយៈនៃ ការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍អន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប