មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ចុះធ្វើការផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក

ខេត្តពោធិសាត់៖ នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងនគរបាលទទួលបន្ទុកផែនការងារនគរបាលសណ្តាប់ធ្នាប់បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា នៅចំណុចភ្លើងស្តុបស្ពានថ្ម សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ គោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា នាឧកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា បានលើកឡើងថា យុទ្ធនាការនេះមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសំដៅបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។

លោកបានបានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ។

លោកបានបញ្ជាក់ថាខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់គណៈបញ្ជាការឯកភាព ស្រុក ក្រុងឃុំ សង្កាត់និងស្ថាប័នពាក់ព័ន្ធ ឱ្យចុះធ្វើសកម្ម ភាពអប់រំ ផ្សព្វផ្សាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាការក្រើនរំលឹក ដាស់ស្មារតី និងបំផុសដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាពិសេសយុវជនឱ្យចូលរួម គោរពច្បាប់ចរាចរណ៍ កាត់បន្ថយ អត្រាគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាតបាត់បង់ទ្រព្យសម្បត្តិ។

បើតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលបន្ទុកផែនការងារសណ្តាប់ធ្នាប់ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ខេត្តពោធិ៍សាត់មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៧លើកស្លាប់១២នាក់ របួសធ្ងន់១២នាក់ របួសស្រាល១៨នាក់ និងខូចខាតរថយន្តតូច៦គ្រឿង រថយន្តធំ៣គ្រឿង ម៉ូតូ១១គ្រឿង គោយន្ត១គ្រឿងនិងបង្កដោយរទេះភ្លើងលើផ្លូវដែក៤លើក។ កត្តាទាំងអស់នេះសូមឱ្យអ្នកប្រើប្រាស់ផ្លូវគោកគោរពច្បាប់ គោរពវិន័យត្រូវមានក្រមសីលធម៌ចេះអត់ឱន អព្យាស្រ័យគ្នាក្នុងពេលបើកបរទើបឃៀសផុតពីគ្រោះថ្នាក់ចរាចរណ៍

សូមបញ្ជាក់ផងដែរថាយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវបានចំនួន៣៦០នាក់ បិតចំណាំងផ្លាតលើម៉ូតូបានចំនួន១៧០គ្រឿងចែកជូន ខិត្តបណ្ណស្តីពីការប្រើប្រាស់បួកសុវត្ថិភាពអស់ចំនួន៣៦០និងខិត្តបណ្ណយល់ដឹងអំពីពិការភាពចំនួន៣៦០និងចែកមួកសុវត្ថិភាពអស់ចំនួន២០៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *