ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន បានអញ្ជើញចូលជួប សម្តែងនូវការគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទទួលសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក, ព.ស២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងការគោរព និង ជូនពរជ័យ សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ។
ក្នុងការចូលជួបសម្តែងការគោរព និង ជូនពរនោះ គ្រប់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជាមេបញ្ជាការ ស្នងការរង និង អាជ្ញាធរក្រុង ស្រុក ក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការបំពេញភាតកិច្ចស្នូល និង ការចូលរួមអភិវឌ្ឍន៍ ខេត្ត នាឆ្នាំចាស់ ព្រមទាំងលើកឡើងពីចំណុចសេសសល់មួយចំនួន ដែលត្រូវបន្តអនុវត្តឆ្នាំថ្មីផងដែរ ។ ក្នុងឱកាស នោះដែរ ក៏មានការប្រសិទ្ធិពរ សព្វសាធុការពរ ជូនដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និង លោកជំទាវ រួមទាំងក្រុមគ្រួសារ សូមឲ្យព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រអង្គរដ៏បវរនៃយើង ក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និង បារមីអរុក្ខអរក្សអ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សា នៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សាឯកឧត្តមបណ្ឌិតទាំងពីរ ឲ្យមានសុខភាព មាំមួន ដើមី្បដឹកនាំមន្ត្រីរាជការ ក្នុងការអភិវឌ្ឍន៍ខេត្តមានការរីកចម្រើនបន្តទៅអនាគត ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នានិងគ្នាសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។ ឯកឧត្តមទាំងពីរក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនា ស្នាដៃដែលជាសមិទ្ធិផលនានា ជាសំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត់ ។ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក៏ដូចវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តន៍ការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ នៅក្នុងឱកាសដែលប្រជាពលរដ្ឋយើង ទទួលអំណរសាទរ សប្បាយរីករាយ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ សំខាន់លើការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋបាលខេត្តបានត្រៀមលក្ខណ:ទុកជាស្រេច ក្នុងការជួយសង្គ្រោះជាបន្ទាន់ ចំពោះហេតុការណ៍ដែលបានកើតឡើងដោយយថាហេតុណាមួយនោះ នៃព្រឹត្តិការណ៍សៀមរាបសង្កា្រន្ត២០២៤ ខាងមុខនេះ ។ ផ្តើមចេញពី គុណនយោបាយឈ្នះឈ្នះ ក្រោមម្លប់សន្តិភាព និង អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា ប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើង ដែលបង្កលក្ខណៈប្រជាពលរដ្ឋខ្មែរយើង ។ ឯកឧត្តមបានបន្តទៀតថា ដើម្បីឲ្យសមស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវសមិទ្ធផលធំៗ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត ។ ដូច្នេះយើងរួមគ្នារក្សានៅសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គមរឹងមាំ គឺជាកត្តាធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលធំៗថ្មីៗបន្តទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងកែលម្អរ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រឹតទៀត ។ វាគឹជាកត្តាសន្តិភាព ស្ថិរភាពនយោបាយ ក៏ជាកូនសោរគន្លឹះ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា សមទ្ធិផលដែល យើងសម្រេចបានមកនេះ គឺដោយការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចវិស័យ ឯកជន ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រមួយនេះ ទទួលបានកិត្តិនាមល្បីល្បាញលើកពិភពលោក ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផលបានមកពីការស្វែងរកដោយការលំបាកនិងមានលះបង់ខ្ពស់បំផុត នៃសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *