ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់នារសៀលថ្ងៃអង្គារ១កើតខែចេត្រ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី៩ខែមេសា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត បានថ្លែងក្នុងឱកាសដិកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែមីនានិងលើកទិសដៅអនុវត្តបន្ត មានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុការ កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុងទាំង៧ មេឃុំ ចៅសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ជាង២០០នាក់ដោយបានបញ្ជាក់យ៉ាងច្បាស់ថាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នេះត្រូវរៀបចំឱ្យមាន លក្ខណៈទ្រង់ទ្រាយធំនិងល្អលើសពីបណ្តាឆ្នាំកន្លងមក។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើរដល់មន្ទីរ អង្គភាព និងរដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ចក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់បានល្អប្រសើរ។
ដើម្បីញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសាប្រព្រឹត្តយ៉ាងរលូនអធិក អធមនិងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តនៅលើបុរីវប្បធម៌កោះសំពៅមាសនោះ រដ្ឋបាលខេត្ត ត្រូវប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុបនិងមធ្យោបាយសរុប ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតុបតែងលម្អនិងមានសោភ័ណភាពឱ្យបានគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ទីវត្តអារាម សាលារៀន គ្រឹះស្ថានសិក្សានិងទីប្រជុំជនក្នុងគោលបំណងលើកមុខមាត់ខេត្តផងនិងទទួលទេវតាឆ្នាំថ្មីឱ្យមានសេរីសួស្តីគ្រប់ៗគ្នា។
បញ្ហាត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺត្រូវពង្រាយកងកម្លាំងតាមគ្រប់គោលដៅ ត្រៀមរថយន្តពន្លត់អគ្គិសភ័យ ត្រៀមទឹកព្រោះថាក្នុងរយៈពេល៤ថ្ងៃនៅលើបុរីវប្បធម៌កោះសំពៅមាសមានបាញ់កាំជ្រូច មានដាក់បង្ហាញសមិទ្ធិផលក្នុងស្រុក ក្រៅពីនោះទៀតមានល្បៃងប្រជាប្រិយគ្រប់ប្រភេទ គ្រប់ទម្រង់ ការប្រគុំតន្ត្រី សម្តែងសិល្បះជូនប្រជាពលរដ្ឋទស្សនាដោយក្តីរីករាយ។ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមឱ្យអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣សហការចូលរួមពង្រឹងនិងបង្កាបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ។
បើតាមការកត់សម្គាល់នាពេលកន្លងមកពិនិត្យឃើញថា នៅមានករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិដោយសារការមិនគោរពច្បាប់ចរាចរណ៍។
ចំពោះបញ្ហាសណ្តាប់សាធារណៈសូមឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់នូវវិធានការឱ្យបានល្អតាមតំបន់ប្រជុំជន ព្រោះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្រេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ក៏ដូចឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ពោធិ៍សាត់ បានខិតខំសំដៅធ្វើយ៉ាងណាឱ្យខេត្តមួយនេះកាន់តែមានភាពស្រស់បម្រងនិងទទួលបានការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
នៅចំពោះមុខនេះឯកឧត្តម ខូយ រីដា សូមឱ្យគណៈបញ្ជាការឯកគ្រប់ស្រុក ក្រុងមន្ទីរ អង្គភាព ត្រូវត្រួតពិនិត្យតាមដានឡើងវិញអំពីការតុបតែងលម្អសោភ័ណភាព អនាម័យនិង បន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម សម្អាតអនាម័យបរិស្ថាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជម្រុញរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មុន ពេល និង ក្រោយបុណ្យចូលឆ្នាំថ្មីកាន់តែល្អប្រសើរពោលគឺគ្មានករណីគ្រោះថ្នាក់ចរាចរណ៍និងគ្មានអគ្គិសភ័យកើតមានឡើយ។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សូមឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តអញ្ជើញចូលរួមឱ្យបានច្រើនកុះករនិងប្រព្រឹត្តទៅប្រកបដោយក្តីរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ ពស.២៥៦៨-គស២០២៤និងសូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើន ជោគជ័យគ្រប់ភារកិច្ចតាមបំណងប្រាថ្នានាឱកាសឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុនេះ៕