សៀមរាប៖ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំអនុគណ:កម្មការខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សាការងារ និង ភារៈកិច្ច ដែលបានបែងចែកទៅតាមក្រុមការងារ ដែលទទួលខុសត្រូវរៀងៗខ្លួន ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើឲ្យព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ប្រព្រឹត្តិទៅដោយរលូន។
លោក នាក់ ណេរ៉ុន បានឲ្យដឹងថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” មានកម្មវិធិធំៗចំនួន៥ រួមមាន៖ នៅព្រឹកថ្ងៃទី១២ ខែមេសា មានពិធីក្រុងពាលីបើកព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ,នៅព្រឹកថ្ងៃទី១៣ ខែមេសា ពិធីបើកព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងការពារជាតិ, នៅថ្ងៃទី១៤ ខែមេសា ដំណើរការកម្មវិធីក្នុងភូមិ និង សកម្មភាពតាមតំបន់នានា មានល្បែងរបាំប្រជាប្រិយប្រពៃណីខ្មែរ។ លុះនៅថ្ងៃទី១៥ ខែមេសា កម្មវិធីប្រកួតវាយកូនគោល “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ កម្មវិធីសាសនា ពូនភ្នំខ្សាច់ និង នៅថ្ងៃទី១៦ ខែមេសា កម្មវិធីសាសនា ពិធីស្រង់ព្រះជាដើម។ លោក នាក់ ណេរ៉ុន បន្តថា មកទល់ពេលនេះក្រុមការងារបាននឹងកំពុងរៀបចំតុបតែងកែលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្ដ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលខេត្ត ធ្វើយ៉ាងណាយើងត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ ជុំវិញព្រឹត្តិការណ៍“សៀមរាបសង្ក្រាន្ត” ចាប់ពិថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ឱកាសឲ្យយុវជន ក៏ដូចជាសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍នេះ ក៏នឹងបានផ្តល់ឱកាសឲ្យកម្ពុជា ជាពិសេសខេត្តសៀមរាបយើង បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ព្រមទាំងពង្រីកកិត្យានុភាពនៅក្នុងតំបន់ នឹងទៅលើពិភពលោកជាដើម៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប