ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំ ១គ្រឿងដឹកជញ្ជូន លៀស) ជាង៣០តោន គ្មានលិខិតអនុញ្ញាតិ ត្រូវបានក្រុមការងារ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ធ្វើការបង្ក្រាបបាន ខណៈឈ្មួញស្រីជើងឆើតកំពុង បំរ៉ុងដឹកជញ្ជូនទៅលក់បន្តនៅប្រទេសវៀតណាម។
ការបង្ក្រាបនេះនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវក្រាលគ្រោះក្រហមស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្នុងភូមិខាងលើបានបង្ហើបឲ្យដឹងថា មេឈ្មួញធំដែលតែងតែកៀងគរប្រជានេសាទអោយប្រព្រឹត្តបទល្មើសកកាយលៀយ៉ាងគគ្រឹកគគ្រែង ហើយរងចាំឈប្រមូលទិញ នៅមាត់កំពង់វត្តថ្នល់ ចំណុចខាងលើ ដើម្បីលក់ឲ្យឈ្មួញជើងខ្លាំងដែលមានការស្អិតរមួតជាមួយជំនាញប្រព្រឹត្តរាប់ឆ្នាំមកហើយដោយបានទិញបន្តនោះមានឈ្មោះយាយ នី រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះតែម្តង។
ដោយឡែកអ្នករត់ការផ្លូវដឹកជញ្ជូនបន្តទៅលក់ នៅប្រទេសវៀតណាមនោះគេដឹងថា ឈ្មោះលោក ឌី រស់នៅខេត្តតាកែវដែលសកម្មភាពនេះប្រព្រឹត្តជារៀងរាល់ថ្ងៃ ទាំងរដូវបិទនេសាទនិងរដូវបើក ក្នុង១ថ្ងៃៗរាប់តោន។
ដោយឡែករបាយការណ៍ដ៏លំអិតរបស់លោកលី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង គឺបញ្ជាក់ត្រឹមតែ ក្រុមការងារខណ្ឌរដ្ឋបាលជលផល សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប កម្លាំងចូលរួម៧នាក់ មធ្យោបាយរថយន្ត០១ គ្រឿង និងម៉ូតូ ០២គ្រឿង បានចុះប្រតិបត្តិការនៅចំណុចតាមដងផ្លូវភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញសកម្មភាព រថយន្តដឹកជញ្ជូន លៀស គ្មានលិខិតអនុញ្ញាតិ បន្ទាប់មកក្រុមការងារបានឯកភាពគ្នាចាប់ ដកហូតវត្ថុតាង និងកសាងសំណុំ រឿងចាត់ការតាមនីតិវិធីស្តីពីជលផល។
ក្នុងនោះប្រជាពលរដ្ឋមានការគាំទ្រ!យ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សមត្ថកិច្ច អនុវត្តបង្ក្រាបការដឹកជញ្ជូនផលិតផលជលផល (លៀស) គ្មានលិខិតអនុញ្ញាតិទាំងនេះ ប៉ុន្តែក្នុងនោះសង្ឈឹមថា អាចឈានដល់ការស្រាវជ្រាវរកមុខសញ្ញាជនប្រព្រឹត្ត ចំណាត់ការផ្លូវច្បាប់ណាមួយ ឲ្យមានភាពរៀងចាល។
ព្រោះអ្វីដែលគេសង្កេតឃើញការអនុវត្តបង្ក្រាបបទល្មើសជលផលទាំងនេះ ពីសំណាក់សមត្ថកិច្ចជំនាញមានជាញឹកញាប់ ប៉ុន្តែការប្រព្រឹត្តពីសំណាក់ឈ្មួញកើតឡើងដដែលជាដដែលធ្វើឲ្យមតិមហាជនយល់ថា ជាការសម្តែងឲ្យថ្នាក់លើឃើញតែប៉ុណ្ណោះ បើមានឆន្ទៈអនុវត្តផ្លូវច្បាប់មែននោះប្រាកដណាស់ជនប្រព្រឹត្តនឹងមានការខ្លាចរអារជាក់ជាមិនខាន មិនមែនបង្ក្រាប១០ ទំហ៊ំនៃការកើនឡើងបទល្មើស១០០ដូចនេះទេ។
គួរបញ្ជាក់ផងដែរការបង្កលក្ខណៈឲ្យកើតមានបទល្មើសនេសាទលៀសប្រើការអូសដោយកម្លាំងម៉ាស៊ីនផ្ទុយពីច្បាប់ជលផលទាំងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងបាតទន្លេ និងប៉ះពាល់បរិស្ថានផ្ទៃទឹកយ៉ាងធ្ងន់ធ្ងរទៀតផង៕