ខេត្តពោធិសាត់៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែង នៅសាលប្រជុំជាន់ទី១សាលាខេត្តមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន អភិបាលរងខេត្ត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូនរបាយការណ៍សកម្មភាពរបស់អនុគណៈកម្មការទាំង១០ដោយបានប្រើប្រាស់កម្លាំងចំនួន១២៨៦នាក់ក្នុងនោះកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២៥០នាក់ កម្លាំងអគ្គស្នងការនគរបាលជាតិចំនួន២៥០នាក់និងកម្លាំងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៧៨៦នាក់ ។
ជាលទ្ធផលនៅក្នុងជំហានទី១ចាប់ពីអំឡុងខែមិថុនាឆ្នាំ២០២៣និងជំហានទី២ចាប់ពីខែមីនាដល់ថ្ងៃទី៦ខែមេសាឆ្នាំ២០២៤បានចុះប្រតិបត្តិការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសធន ធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែងសម្រេចឃ្លុំដីព្រៃចំនួន៣៩៥០៧ហិកតាកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ១៤នាក់ តុលាការដោះលែងស្ថិតក្នុងការឃ្លាំមើលនិងតាមដានពីសមត្ថកិច្ចចំនួន១២នាក់ ធ្វើកិច្ចសន្យា២នាក់ និងធ្វើលិខិតប្រមានចំនួន១នាក់។
ក្រៅពីនោះបានធ្វើការដកហូតវត្ថុតាងមករក្សាទុកជាច្រើនទៀតដូចជាអាវុធកែឆ្នៃ រណាយន្ត ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងកើតហេតុមួយចំនួនទៀត។
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរដល់ថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ខូយ រីដា ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កាបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើក្នុងភូមិ សាស្ត្រខេត្តពោធិ៍សាត់ទទួលបានលទ្ធផលល្អប្រសើរ។
ប្រតិបត្តិការនៅខេត្តពោធិ៍សាត់មានទ្រង់ទ្រាយធំនិងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តច្បាប់ ឱ្យបានតឹងរឹងនិងមានប្រសិទ្ធិភាពចំពោះអ្នកប្រព្រឹត្តបទល្មើសដោយមិនលើកលែងឡើយ។
ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាពជូនជាតិមាតុភូមិនិងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន សូមឱ្យជម្រុញការអនុវត្តច្បាប់១០០%មិនមានការលើកលែង និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យារួចដោះលែងអ្នកប្រព្រឹត្តបទល្មើស ។
ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ អង្គភាពប្រឆាំងអំពើរពុករលួយ បន្ថែមលើកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមកនិងជម្រុញការដាំស្តាព្រៃឈើនិងឈើហូបផ្លែឱ្យ បាន៦០%ក្នុងឆ្នាំ២០៥០។
ឯកឧត្តម បានថ្លែងបញ្ជាក់ថា ខេត្តពោធិ៍សាត់ជាពិសេសស្រុកវាលវែងនិងស្រុកភ្នំក្រវាញ មានសក្តានុពលទៅលើធនធានព្រៃឈើនិងមុខងារប្រភពទឹកសម្រាប់ផ្តល់ការប្រើប្រាស់ហើយក៏ជាតំបន់មួយធានានូវសុវត្ថិភាពនៃគ្រោះធម្មជាតិ បើគ្មានគម្របព្រៃឈើទេនោះពិតជាជួបហានិភ័យដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ បាក់ដីនិងបង្កការប៉ះពាល់ទៅដល់បឹងទន្លេសាបយើងទាំងមូលកាន់តែរាក់ទៅ។
ដោយសារមានឆន្ទះនិងស្រឡាញ់ព្រៃឈើពីអភិបាលខេត្តនិងក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់នោះសង្ឃឹមថា ទទួលបានជោគជ័យនិងរក្សាការពារដីព្រៃដែលឃ្លុំនេះឱ្យបានគង់វង្ស ប្រើប្រាស់ ដាំដុះឡើងវិញទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ សុក្ខារិន