គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក សំកុល សុចិត្រ្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងវត្តមានអស់លោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ទាំង១២ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និង ជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាល ខេត្ត សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។
ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត លោក សំកុល សុចិត្ត្រា ក៏បានក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ឲ្យបន្ត យកចិត្តទុកដាក់ ហ្វឹកហាត់ក្បួនយុទ្ឋសាស្ត្រឲ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ ។ លោកអភិបាលរងខេត្តមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឲ្យមានទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីក រាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។ លោក សំកុល សុចិត្ត្រា ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍន៍ ។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព និងហាត់កីឡាដើម្បីសុខភាពរាងកាយរឹងមាំ ដាំដុះដំណាំបន្លែបង្កា ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សាអាវុធយុទ្ឋភ័ណ្ឌបានល្អ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន រក្សាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋានដែលខ្លួនឈរជើង។
ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២៩មុខ និង មី ១៥០កេស , ស្រាបៀរ ៥០កេស ,ទឹកក្រូច ៥០កេស , គោ ២ក្បាល , ជ្រូក ៤ក្បាល , ប្រេងម៉ាស៊ូត ២ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង ,ពុយដាក់ប្រេង ១០ និង ថវិកា២០លានរៀល និង ចែកជូនដល់កងទ័ព ម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវថវិកា៦លានរៀល , ស្រាបៀរ៥០កេស និង មី ៧០កេសផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *