សម្តេចពិជ័យសេនា ទៀ បាញ់ “កត្តាសុខសន្តិភាព” នាំមកនូវការអភិវឌ្ឍន លើគ្រប់វិស័យមិនថាពុទ្ធចក្រ និងអាណាចក្រ

កំពង់ឆ្នាំង៖ សរម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា“កត្តាសុខសន្តិភាព” នាំមកនូវការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

កត្តាសន្តិភាពនេះដែរកើតឡើងពីកិច្ចខិតខំប្រឹងប្រែងធំធេងរបស់គណៈបក្សប្រជាជនកម្ពុជារយៈពេល៤៥ឆ្នាំក្រោមការដឹកនាំ ដ៏ខ្លាំងក្លា ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ភាពទទួលខុសត្រូវ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដូច្នេះគប្បីចូលរួមថែរក្សាសុខសន្តិភាព ដែលរកបានដោយកម្រនេះឲ្យបានស្ថិតស្ថេរយូរអង្វែងជានិរន្តិ៍។

ការថ្លែងដូចនេះនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តរពារធិសិលារាម ហៅវត្តសំរោង ស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធិពលខេមរភូមិន្ទ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ លោកយាយ លោកតា អាចារ្យ គណៈកម្មការវត្ត និងក្មួយៗ ប្រមាណជិត១ពាន់អ្នកចូលរួមផងដែរ។

ក្នុងពិធីនេះលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អានរបាយការបញ្ជាក់ថា៖ វត្តពោធិសិលារាម ហៅ វត្តសំរោង ស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៦៥៩។ស្ថានភាពមុនឆ្នាំ១៩៧៥ វត្តនេះមានព្រះសង្ឃគង់ជាច្រើនអង្គ មានព្រះវិហារ សាលាបាលី ក្លោងទ្វារ កុដិ និងសាលាដំណាក់មុខវត្តជាដើម។ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់វត្ត ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយសាររបប៣ឆ្នាំ ប៉ុល ពត នៅសល់តែសាលាបាលី ១ខ្នង និងកុដិចាស់ដែលទ្រុឌទ្រោមប្រើប្រាស់លែងកើត ១ខ្នង។

ក្រោយមក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានកសាងកុដិ ១ខ្នង និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយចំណាយថវិកាចំនួន ២៤៣ ៣០០ (ម្ភៃបួនម៉ឺនបីពាន់បីរយ) ដុល្លារអាមេរិក ដែលសទ្ធាជ្រះថ្លាចំណាយទាំងស្រុងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ រខៀវ បុប្ផាផល
ឥត សារ៉ាត់ ព្រមទាំងក្រុមគ្រួសារ ហើយដែលត្រូវកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

ក្នុងនោះសរម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមថា កត្តាសុខសន្តិភាព ឯករាជ្យជាតិពេញលេញនេះ មានឳកាសឲ្យយើងគ្រប់គ្នា គ្រប់ទិសគ្រប់ទីរាជធានី ខេត្ត មិនថាតែនៅខេត្តកំពង់ឆ្នាំងទេ កំពុងស្ទុះឈានទៅមុខយ៉ាងស្វាហាប់ ធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ និងទទួលស្គាល់ថាព្រះរាជាណាចក្រកម្ពុជាជាកន្លែងដែលមានសុខសន្តិភាព មានការរីកចម្រើន ហើយសុវត្ថិភាពខ្ពស់នេះ ជាការរួមចំណែកយ៉ាងសំខាន់ ដោយសារនយោបាយឈ្នះឈ្នះ មកដល់ពេលនេះយើងរីកមុខមាត់ថ្មី ឃើញច្បាស់ពីភាពរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ អ្វីដែលសំខាន់គឺជីវភាពរបស់ប្រជាពលរដ្ឋយើង ជាពិសេសជាងនេះកូនក្មួយបានសិក្សារៀនសូត្រពេញលេញ ក្លាយជាមូលធនមនុស្សយ៉ាងសំខាន់សម្រាប់ប្រទេសជាតិនាថ្ងៃអនាគត៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *