កិច្ចប្រជុំសាមញ្ញលើកទី ៥៩ អាណត្តីទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

នៅរសៀលថ្ងៃទី ០៤ខែ មេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត ទៅលើការស្នើសុំបង្កើតទីចាត់ការទីក្រុងឆ្លាតវៃ , ពាក់ព័ន្ធធនធានមនុស្សនៃរដ្ឋបាលខេត្ត , បញ្ហាការគ្រប់ គ្រងស្ថានីយ៍ប្រេងឥន្ធនះ និង ហ្គាស ក្នុងការចេញនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ។ ក្នុងនោះដែរត្រូវបានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយបំភ្លឺ ទៅនឹងសំណួរ របស់សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងផងដែរ ។
មានប្រសាន៍នាឱកាសនោះ លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ កុម្ភះ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង នៅថ្ងៃខាងមុខនេះ និង ការរៀបចំសោភណ្ឌភាពក្រុង នៅតាមដងស្ទឹង ដងផ្លូវ វិថីនានាក្នុងក្រុង ដោយរដ្ឋបាលខេត្តក៏បានរៀបចំធ្វើកម្មវិធីសៀមរាបសង្ក្រាន្តផងដែរ ។ ម៉្យាងទៀតត្រូវអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលតាមការគ្រោងទុក ។ ឯកឧត្តម ក៏បានលើកឡើងថា នៅថ្ងៃខាង មុខនេះ នៅខេត្តយើងរៀបចំពិធីសៀមរាបសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្ស ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរយើង ប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ។ ការរៀបចំធ្វើសៀមរាបសង្ក្រាន្ត ស្របពេលដូចជាការ គាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ដើមី្បបង្កដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ ឯកឧត្តមក៏បានសំណូមពរ ដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ សូមអញ្ជើញមកចូលរួមប្រជុំឲ្យ បានគ្រប់គ្នា ហើយកិច្ចប្រជុំសាមញ្ញលើកទី៦០ នាខែ ឧសភា គឺជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ហើយនៅអាណត្តិក្រោយក៏មានការផ្លាស់ប្តូរសមសភាពមួយចំនួនផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *