សៀមរាប៖ នៅសាលប្រជុំលេខ១សាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ (គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសម្រាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា) ក្រោមកិច្ចដឹកនាំរបស់ លោក ចាន់ ធន់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក យុន លីនណេ អភិបាលរងខេត្ត ដោយមាន ការចូលរួមពីថ្នាក់ក្រសួង មន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរស្រុក ឃុំ ភូមិ ពាក់ព័ន្ធនៃទីលានចាក់សម្រាមផងដែរ ។
មានប្រសាសន៍នោះដែរលោក យុន លីនណេ បានលើកឡើងថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិ សាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ តំបន់រមនីយដ្ឋានធម្មជាតិ បានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ លោកបន្តទៀតថា បញ្ហាកាកសំណល់(សម្រាម) គឺជាសត្រូវបរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោ ភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និង ប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នាទៀតផង ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនខេត្តសៀមរាប ផលិតសម្រាមពី៩០០ក្រោម ទៅ១,២គីឡូក្រាម និង អ្នកនៅជនបទឆ្ងាយ វិញផលិត សម្រាម ប្រមាណ៣០០ក្រោម ក្នុងមួយនាក់ ។ លោកបានបញ្ជាក់ដូច្នេះ( តាមការគុណគូរជាទូទៅ ខេត្តសៀមរាបដែលមានប្រជាពលរដ្ឋជាង១លាននាក់នេះ អាចផលិតសម្រាមប្រចាំថ្ងៃជិត ៦០០តោន) ។ លោកអភិបាលរងបានបន្តទៀតថា ចំពោះ ការរៀបចំទីលានចាក់សម្រាមថ្មីនេះ ក៏មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលត្រូវគណៈកម្មការយើងចាំ បាច់ត្រូវធ្វើការដោះស្រាយនូវរាល់ផលប៉ះពាល់ឲ្យបានរួចរាល់ មុនធ្វើការអនុវត្តគម្រោម ទើបការងារសាងសង់ដំណើរការទៅបាន ។
ក្នុងកិច្ចពិភាក្សានោះដែរ គ្រប់តំណាងក្រសួង មន្ទីរពាក់ព័ន្ធ ក៏បានលើកនូវចំណុចល្អៗមួយចំនួន ដើមី្បជាមូលដ្ឋាន គ្រឹះ ក្នុងការអនុវត្តការងារគម្រោងឲ្យប្រសើរឡើងនៃការគ្រប់គ្រងសម្រាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ។
មានប្រសាសន៍នោះដែរ លោក ចាន់ ធន់ ក៏បានលើកឡើងនូវចំណុចមួយចំនួន ដែលមានការពាក់ព័ន្ធទៅលើគម្រោង ដោយសារកំណើនសេដ្ឋកិច្ចសង្គម និង តម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឲ្យបរិមាណសម្រាម សំណល់រឹងនៅតាមទីប្រជុំជននានាតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសមានការកើនឡើង និងបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ។ ដើម្បីដោះស្រាយបញ្ហានេះ និងធានាឲ្យការគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជននេះ មកឲ្យរដ្ឋបាលរាជធានី ក្រុង ស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត ។ លោកបានបន្តទៀតថា ដើម្បីធានាបានលើបញ្ហា សម្រាម សំណល់រឹងទីប្រជុំជនគ្រប់ប្រភេទនឹងត្រូវបានញែក វេចខ្ចប់ ទុកដាក់ សម្អាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថាន ។ សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តចាត់ទុកការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋជាការងារអាទិភាពមួយដែលត្រូវសម្រេចឲ្យបាន។ បញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របគ្នានេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) បានកំណត់ថា ការគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ លោក ក៏បានបន្តទៀតថា ដើមី្បឲ្យការអនុវត្តគម្រោងនេះបាន គ្រប់ក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ មានការចូលរួម ព្រមទាំងបានឲ្យក្រុមការងារអន្តរក្រសួង ណិងអនុគណៈកម្មការពាក់ព័ន្ធ ធ្វើការអង្កេតវាស់វែងលម្អិត ដោយធ្វើការពិគ្រោះជា មួយប្រជាពលរដ្ឋដែលរង់ផលប៉ពាល់ និង មានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ដោយមានម្ចាស់ ទ្រព្យចូលរួម នៅក្នុងអំឡុងធ្វើការអង្កេតវាស់វែងលម្អិត ព្រមទាំងធ្វើកិច្ចសន្យា ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយ ឬ បើកប្រាក់សំណង ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងនោះ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប