ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើក សម្ពោធព្រឹត្តិការណ៍ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ នៅខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពគឺជាចលនា ភូមិមួយ ផលិតផលមួយ ត្រូវបានរៀបចំធ្វើនៅទីរួមខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួកបន្ទុក បេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អញ្ជើញជាអធិបតីបើកសម្ពោធព្រឹត្តិ ការណ៍ទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ ផលិតផលខ្មែរលើកទី៧ រៀបចំឡើងដោយរដ្ឋបាលខេត្តនិង ពាណិជ្ជកម្មខេត្តក្រោមការឧបត្ថម្ភពីអង្កការដៃគូនិងក្រុមហ៊ុន។
នៅក្នុងពិធីនោះបានការ ចូលរួមពីឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាតព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួ តំណាងក្រសួង រដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី អាជីវករ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិមួយផលិត​ផលមួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា​ រដ្ឋបាលខេត្ត ដែលមានគណៈកម្មាធិការជំរុញចលនាភូមិមួយ​ផលិត​ផលមួយខេត្ត និងមន្ទីរអង្គភាព​​ជំនាញជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានាក្នុងខេត្ត បានធ្វើការពង្រឹង និងពង្រីកសមត្ថភាពដល់សហគមន៍​ក្នុងប្រតិបត្តិការផលិត កែច្នៃ បង្កើតថ្មីនូវផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា ដោយមានការគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើឲ្យផលិតផលជាច្រើនមុខ ដែលផលិតបានដោយផលិតករនៅក្នុងខេត្ត ត្រូវបានទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់ មាន៧ស្រុក ក្រុង ៤៩ឃុំ សង្កាត់ ៥២៦ភូមិ ប្រជាពលរដ្ឋជាង៥៣២ពាន់នាក់ ស្មើនឹង១៣៥ពាន់គ្រួសារ ភាគច្រើនប្រកបមុខរបរក្នុងវិស័យ​ផលិតកម្មកសិកម្ម ប្រមាណ​ជា ៧០,៩០% សេវាកម្ម ១៩,១០%​ និងប្រកបមុខរបរក្នុងវិស័យសិប្បកម្ម ប្រមាណជា ១%។

ក្នុងឱកាសនោះ, បន្ទាប់ពីឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធានទី១គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឡើងអានសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ រួចមក, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថា ថ្ងៃនេះក្នុងនាមតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានអញ្ជើញបើកសម្ពោធព្រឹត្តិការណ៍ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧នៅខេត្តពោធិ៍សាត់ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពគឺជាចលនា ភូមិមួយផលិតផលមួយ»ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែមេសា ឆ្នាំ២០២៤។

ទិវានេះចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៨ និងមានសារលិខិតអបអរសាទរ និងអនុសាសន៍ណែនាំដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ហើយសម្តេចតេជោជាមគ្គុទ្ទេសក៍ នាំយកទស្សនទានការងារជំរុញចលនាភូមិមួយផលិតផលមួយនេះ​​ពីប្រទេសជប៉ុន ក្នុងអំទ្បុងពេលដែលសម្តេច និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សន​កិច្ចនៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៥ និងបានសម្រេចយកចលនានេះមកអនុវត្តនៅកម្ពុជា ដោយមើលឃើញថា ចលនាភូមិមួយផលិតផលមួយ ជាសកម្មភាព​មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និង​​​ការជំរុញលើកទឹកចិត្តឲ្យប្រជាជនយើង ខិតខំផលិតនូវផលិតផលក្នុងស្រុកឱ្យបានច្រើន ខិតខំកែច្នៃ និងវេចខ្ចប់ផលិតផលរបស់ខ្លួនប្រកបដោយអនាម័យ និងសោភ័ណ​ភាព ដែលជាតម្លៃបន្ថែមដ៏សំខាន់ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងឆ្លើយតប​ទៅនឹង​តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។

សកម្មភាពពង្រឹង​ និងពង្រីកការប្រើប្រាស់ផលិតផលខ្មែរ គឺជាមោទនភាពជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដែលបាននិងកំពុងផលិតនូវផលិតផល​ជាច្រើនមុខ និងសម្បូរបែបនាពេលបច្ចុប្បន្ន។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានចេញសេច​ក្តីជូនដំណឹងមួយ ដោយ​តម្រូវឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា។

ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើករួមចំណែកពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេច​បាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី ​បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ គឺត្រូវជំរុញការងារចលនាភូមិមួយផលិត​ផលមួយ អនុវត្តប្រទាក់ក្រទ្បាគ្នាដោយមានការចូលរួមពីគ្រប់ភាគី ដើម្បីយើងឈានទៅលើកកម្ពស់ផលិតផលខ្មែរ និងការស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក រួមចំណែកបង្កើនប្រាក់ចំណូល​ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។​

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីសង្ឃឹមថា ខេត្តពោធិ៍សាត់ដែលជាខេត្តមួយមានសក្តានុពលទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ពិតជាខិតខំជួយជំរុញផលិតផលខ្មែរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត លើកកម្ពស់ជីវភាពប្រជាជនកាន់តែសម្បូរធូរធារ តាមរយៈការងារជំរុញចលនាភូមិមួយផលិត​ផលមួយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *