សៀមរាប៖ នៅវេលាម៉ោង១៩និង២០នាទី រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទីតាំងស្ថានីយប្រេងឥន្ធនះ ឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ អាជីវករ ប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សេឡិន ។
តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ០១គ្រឿង ចំណុះ៣២ពាន់លីត្រ មានប្រេងសាំងចំនួន៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវបន្ទាបទៅរលត់វិញ ។ ប៉ុន្តែនៅកន្លែងកើតហេតុក្នុងស្ថានីយ៍ត្រូវភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង ។ ក្នុងនោះភ្លើងបានរាលឆ្លង ឆាបឆេះទៅផ្ទះជាប់គ្នាមានម្ចាស់ឈ្មោះ ឡុច លន ភេទប្រុស អាយុ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មអាចខូចខាតមួយចំហៀងផ្ទះ។
ក្រោយទទួលបានពត៌មានពីករណីឆេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានសហការជាមួយកម្លាំងរថយន្ត បង្កាពន្លត់ អគ្គីភ័យ នៃស្នងការនគរបាលខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ បងប្អូនប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ ។ ក្នុងឱកាសនោះដែរក៏មានវត្តមានរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកនាយករដ្ឋបាលសាលាខេត្ត និង អស់លោកជាស្នងការរងខេត្ត បានចុះពិនិត្យស្ថានការណ៍អគ្គីភ័យនេះផងដែរ ។ ឯកឧត្តម អភិបាលខេត្ត និងលោកអភិបាលស្រុក ពួក បានចូល សម្របសម្រួល និង លើកទឹកចិត្តដល់ម្ចាស់ផ្ទះកុំឲ្យគិតខ្លី ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះស្ថានីយ៍ប្រេងឥន្ធនះនេះ ដោយប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង (រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០៤គ្រឿង , រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន០១គ្រឿង , រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន០១គ្រឿង , រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន០១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង ២១និង២០នាទី ។
ក្នុងករណីអគ្គីភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស០១នាក់ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ -ខូចខាតស្ថានីយ៍ ឆេះសាំង និង គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង ។ ចំណែក អ្នកបើក បររថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន ខណៈពេលនេះ កំពុងធ្វើការសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយា ល័យជំនាញ បន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប