សៀមរាប៖ ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប ព្រមទាំងព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះចៅអធិការវត្តកេសរារាម និង ព្រះចៅអធិការវត្តស្វាយរមៀត គណៈកម្មការ គ្រប់គ្រងសាលា , ចៅសង្កាត់ មេភូមិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស នៅរសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤កន្លងទៅនេះ ប្រមូលបច្ច័យបានប្រមាណ ២១លានរៀល សម្រាប់យកទៅប្រើប្រាស់កសាង នូវសមទ្ធិផលនានា ក្នុងការកែលម្អរហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន ។
តាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាមុខនាគ បានឲ្យដឹងថា គ្រប់អគារសិក្សា ដែលរាជ រដ្ឋាភិបាលបានផ្តល់ដល់សាលាជាបន្តបន្ទាប់ ហើយអគារមួយចំនួន ក៏បានរងការខូចខាតផ្្នែកដំបូល និង សាកថ្នាំព័រណ៌ និង ខូចទ្វារបង្អូច ក៏ត្រូវបានលោកនាយិការសាលា និង គណៈកម្មការសាលាធ្វើការជួសជុលផងដែរ ។ លោកបានបន្តថា ដោយមានការខ្វះខាតខាងហិរញ្ញវត្ថុដូច្នេះ ទើបព្រះគ្រូអនុគណក្រុង និង ចៅអធិការវត្តមួយចំនួន រួបទាំងសប្បុរសជនក្នុង ស្រុក បានផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីនេះឡើង ដើមី្បប្រមូលថវិកាក្នុងការកសាងសមទ្ធិផលក្នុងសាលានេះ ។
ក្នុងនោះដែរលោកស្រី ប៉ាវ ស៊ីណាន នាយិការសាលា ក៏បានគូសបញ្ជាក់ ដោយមើលឃើញនូវភាពចាំបាច់ ទៅ នឹងតម្រូវការរបស់សិស្សានុសិស្សចំពោះមុខ ដោយបច្ចុប្បន្ននេះ មានការបម្រែបម្រួលអាកាសធាតុ ខុសប្លែកពីបណ្តាឆ្នាំមុនៗ ព្រមទាំងភាពរីកចម្រើនទៅលើផ្នែកបច្ចេកវិទ្យាផងនោះ និង ដើមី្បធានាបាននូវសុវត្ថិភាព សុខភាពដល់សិស្សានុសិស្ស ទើបលោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលា បានឯកភាពរៀបចំបុណ្យផ្កាប្រាក់នេះឡើង ដើមី្បប្រមូលថវិកា យកមកកសាងសមទ្ធិផលក្នុងសាលាបឋមសិក្សាមុខនាគនេះ លើគម្រោង រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ,រៀបចំសួនច្បារ , រៀបចំផ្លូវសម្រាប់សិស្សដើរក្រៅរបងសាលា និង ធ្វើដំបូលសម្រាប់សិស្សអង្គុយរងចាំអាណាព្យាបាលមកទទួល និង ទូទាត់ថ្លៃជួសជុលដំបូលអគារសិក្សាផងដែរ ។ ម៉្យាងទៀត ដើមី្បឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ក្នុងការកែប្រែសោភណ្ឌភាព នៃទីធ្លាសាលា ប្រកបដោយស្រស់ត្រកាល ក្នុងការប្រឡងប្រណាំងក្នុងវិស័យអប់រំទៀតផង ។ ម្យ៉ាងទៀត ការធ្វើបុណ្យផ្កាប្រាក់នេះឡើង ក្នុងការប្រមូលថវិកា ដើម្បីធ្វើការកសាងបន្ត ជាការបំពេញនូវតម្រូវការនៃសេចក្តី ស្រេចឃ្លាន នូវចំណេះវិជ្ជាសម្រាប់កូនខ្មែរ ដែលជាទីកន្លែងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់សង្គមជាតិសម្រាប់ទៅពេលអនាគត។
មានសង្ឃដិកានោះដែរព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន្ត ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានបញ្ជាក់ថា នៅក្នុងសង្គមជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតនៅក្នុងដំណើរនៃការអភិវឌ្ឍ ក៏ជាការបង្ហាញឲ្យឃើញផងដែរថា សង្គមជាតិកំពុងស្ថិតរក្រោមដំបូលនៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសនេះនៃប្រមុខរាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋបានទទួលឱកាសធ្វើបុណ្យទាន គឺផ្តើមចេញពីសង្គមជាតិមានសុខសុវត្ថិភាព ហើយប្រជាពលរដ្ឋមានលទ្ធភាពធ្វើបុណ្យទានផ្សេងៗ ក៏អាស្រ័យដោយប្រជាពលរដ្ឋមានជីវភាពសមរម្យ ដែលម្លប់សន្តិភាពបានផ្តល់ឲ្យ ។ ភាពរីកចម្រើន និង សមទ្ធផលដែលយើងកំពុងធ្វើពេលនេះ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត កម្លាំងពលំនិងការបរិច្ចាគជាថវិកាពីប្រជាពុទ្ធបរិស័ទ ដែលជាកម្លាំងមហាសាមគ្គីមួយ ដែលធ្វើឲ្យយើងសម្រេចបានកិច្ចការធំៗសម្រាប់ជាតិមាតុភូមិ ។ ព្រះអង្គមានសង្ឃដិកា អំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាសាធារណៈជនទាំងអស់ដែលបានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា នៅសាលារៀនបឋមសិក្សាមុខនាគនេះ សូមចូលរួមថែរក្សា ការពារ សមទ្ធិផលនេះឲ្យបានប្រើប្រាស់បានយូរអង្វែង ។ សមទ្ធិផលទាំងនេះ គឺកើតចេញឡើង ពីកម្លាំង ញើសឈាមរបស់យើងគ្រប់គ្នា ដែលបានបរិចាកនូវទ្រព្យធន ការរួបចំណែកអភិវឌ្ឍន៍លើវិស័យ អប់រំសិក្សា ពីព្រោះថា ថ្នាក់បឋមនេះហើយ ដែលជាគ្រឹះដ៏រឹងមាំនៃអក្សរសាស្ត្រជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស សម្រាប់បន្តវេន ទៅថ្ងៃអនាគតផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប