ការជួបជុំមហាគ្រួសារមិត្តរួមជំនាន់ ឌីប្លូម ឆ្នាំ ១៩៨៥ បាក់ឌុប ១៩៨៨ នៃវិទ្យាល័យ ១០មករា ខេត្តសៀមរាបលើកទី៦

សៀមរាប៖ អតីតសិស្សរួមជំនាន់ សាលាមធ្យមសិក្សាកំរិត២ វត្តដំណាក់ ឌីប្លូម ឆ្នាំ១៩៨៥ និង មធ្យមសិក្សាកំរិត៣ (១០មករា ) បាក់ឌុប ១៩៧៩ នៅចុងសប្តាហ៍ល្ងាចថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ ក្នុងការគោរពកតញ្ញូកតវេទី តបស្នងសងគុណដល់លោកគ្រូអ្នកគ្រូ ដែលបានធ្វើឡើងនៅសណ្ឋាគារ រី ខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អតីតសាស្ត្រាចារ្យវិទ្យាល័យ ១០មករា ១៩៧៩ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអតិតសិស្សរួមជំនាន់ ដែលមកពីបណ្តាខេត្តនានា និង រាជធានីភ្នំពេញ ។
ការជួបជុំមហាគ្រួសារអតីតៈយុវសិស្សខេត្តសៀមរាប ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក និង តាមដានសុខទុក្ខគ្នាទៅវិញទៅមក និង ជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និង បំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធិផល និងចែករលែកនូវចំណេះវិជ្ជាដល់សិស្សគ្រប់គ្នា ។ ពិសេស គឺតែងតែរួមសាមគ្គី ចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និង មិត្តរួមជំនាន់ជួបការលំបាក ។
ក្រោយពីអស់លោក លោកស្រីជាអតីតសិស្សទាំងអស់ បានធ្វើការគោរពដឹងគុណ ចំពោះលោកគ្រូ អ្នកគ្រូ រួចមក មានប្រសាសន៍ផ្តល់នូវឱវាទដល់សិស្សនាឱកាលនោះ ឯកឧត្តម តោ គឹមស៊ាន បានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសំណាង ដែលបានមកពីការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យវែងឆ្ងាយច្បាស់លាស់ ធ្វើឲ្យកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយធំៗ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម តោ គឹមស៊ាន ក៏បានសម្តែងនូវទឹកចិត្តរំភើបក្រៃលែង ចំពោះកូនៗជាអតីតសិស្សវិទ្យាល័យ១០មករា ទោះបីបានឃ្លាតទៅឆ្ងាយពីសាលា ៣៣ឆ្នាំមកនេះ ដោយកូនៗទទួលបាននូវចំណេះវិជ្ជា ដែលលោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្ហាញ និង ចែករំលែកនូវចំណេះដឹងដែលគ្រូមាន ដោយមួយចំនួនបានក្លាយទៅជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រា និង ជាថ្នាក់ដឹកនាំនៅក្នុងជួរមន្ត្រីរាជការជាដើម ។ ឯកឧត្តមបានបន្តទៀតថា ការរំលឹងដល់គុណគ្រូនេះ គឺជាកាយវិកាដ៏ល្អរបស់សិស្សជំនាន់ទី២ នៃវិទ្យាល័យ១០មករា ដែលនៅក្នុងរដ្ឋកម្ពុជា ហៅសាលាមធ្យមកំរិតសិក្សាទី៣ ។ ការរៀបចំនូវកម្មវិធីនេះឡើង ក្នុងការរំលឹកនូវអនុស្សាវរីយ៍ក្នុងការសិក្សាពីឆ្នាំ១៩៨៥ដល់ ឆ្នាំ១៩៨៨ ទើបកូនៗទាំងអស់ បានចេញទៅបន្តសិក្សានៅតាមមហាវិទ្យាល័យ សាកលវិទ្យាល័យមួយចំនួនផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ពេលនេះកូនៗបានក្លាយទៅជាធនធានមនុស្សមួយដ៏សំខាន់របស់សង្គមជាតិ ហើយបានកំពុងចូលរួមចំណែក ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស ព្រមទាំងសូមឲ្យប្រពៃណី នៃការជួបជុំមហាគ្រួសារមិត្តរួមជំនាន់នៃអតីតសិស្សវិទ្យាល័យ១០មករានេះ ឲ្យមានជារៀងរាល់ឆ្នាំ ក្នុងការរំលឹកឡើងវិញពីយុវវ័យ យុវ សិស្ស ជាប់(ឌីប្លូមឆ្នាំ១៩៨៥ និង បាក់ឌុបឆ្នាំ១៩៨៨) ឲ្យស្ថិតនៅក្នុងក្រអៅបេះដូងដល់យើងគ្រប់គ្នាផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយ នៃការជួបជុំមហាគ្រួសារមិត្តរួមជំនាន់ អតីតយុវសិស្សឌីប្លូម១៩៨៥ សិស្សបាក់ឌុប ១៩៨៨ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
ក្នុងកម្មវិធីជួបជុំនេះផងដែរ អតីតមិត្តភក្តិរួមជំនាន់ បានរួមសាមគ្គីគ្នារៀបចំអំណោយ ជូនដល់អតីតលោកគ្រូ អ្នកគ្រូ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *