សៀមរាប៖ នៅចុងសប្តាហ៍នារសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍សៀមរាប សហការជាមួយ សភាពាណិជ្ជកម្មបារាំង សភាពាណិជ្ជកម្មអ៉ឺរ៉ុប និង សម្ព័ន្ឋភាពបារាំងខេត្តសៀមរាប រួមជាមួយវិស័យពាក់ព័ន្ឋមួយចំនួនទៀត បានប្រារព្ធបើកព្រឹត្តិការណ៍អបអរសាទរទិវាបុណ្យប្រទេសនិយាយភាសាបារាំង ក្រោមគោលបំណងបង្ហាញពីសាមគ្គីភាពនិងសេចក្តីស្រឡាញ់របស់ពួកគេចំពោះភាសាបារាំងនិងភាពចម្រុះនៃវប្បធម៌ និងការស្រឡាញ់ភាសាបារាំងស្របទៅនឹងយុទ្ឋនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយទេសចរណ៍ និង អបអរសាទរភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារាំង ដែលជាភាពជាដៃគូនេះបានកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពជាកត្តាមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីចម្រើន ។
លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០២៤រដ្ឋបាលខេត្តសៀមរាបបានចងមេត្រីភាព សហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួនពីរនៃសាធារណៈរដ្ឋបារាំងគឺក្រុង Fontainebleau និងខេត្ត អូឌឺសែន ហើយសម្ព័ន្ឋមេត្រីភាពរវាងខេត្ត ក្រុងនេះទទួលបាននូវលទ្ឋផលគួរឲ្យកត់សម្គាល់ទាក់ទងទៅនឹងវិស័យវប្បធម៌ កសិកម្ម អប់រំ សុខាភិបាលនិងពាណិជ្ជកម្ម ។ លោកអភិបាលរងខេត្តបានបន្តថា ការកសាងទំនាក់ទំនងនិងសហប្រតិបត្តិការនេះពិតជាបានរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស ។ លោកសង្ឃឹមជឿជាក់ថា ទិវាបុណ្យប្រទេសនិយាយភាសាបារាំង ដែលបានប្រារព្ឋជាលើកទី១នេះ តែរដ្ឋបាលខេត្តនឹងរៀបចំជាលើកទី២និងកំណត់យកក្នុងខែមីនាជារៀងរាល់ឆ្នាំ ព្រោះថា ប្រទេសកម្ពុជា ជាប្រទេសស្ថាបនិកមួយនៃប្រទេសដែលនិយាយភាសាបារាំង ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកជំទាវElodie WYNAR តំណាង ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ប្រចាំ នៅកម្ពុជារួចមក មានប្រសាសន៍ថ្លែងបើកព្រឹត្តិការណ៍នៃទិវាបុណ្យប្រទេសនិយាយភាសាបារាំង ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើររដ្ឋបាលខេត្តសៀមរាបនិងវិស័យឯកជនពាក់ព័ន្ឋដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក្នុងការរួមសហការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងនោះមានការរៀបចំព្រឹត្តិការណ៍នានាដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញទេសចរ និង វិនិយោគិន ។ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយដែលបានកំណត់ច្បាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ស្តីពីការធ្វើពិពធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្ម ផលិតផលទេសចរណ៍និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានាសំដៅការទាក់ទាញនិងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យកាន់តែមានចំនួនកើនឡើងបន្ថែមទៀត ដែលធានាបាននូវការបង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជម្រុញការនាំចេញនៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ ជាពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថានធនធានធម្មជាតិប្រកបដោយប្រសិទ្ឋភាពនិងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍អបអរសាទរទិវាបុណ្យប្រទេសនិយាយភាសាបារាំង នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៣និង២៤ខែមីនាឆ្នាំ២០២៤ ដោយមានការតាំងពិពរ័ណ៍ និងលក់ចំណីអាហារ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ របស់អាជីវករជាតិនិងអន្តរជាតិជាពិសេសអាជីករនៃប្រទេសនិយាយភាសាបារាំងដែលបានប្រកបអាជីវកម្មជាអចិន្ត្រៃយ៍ក្នុងក្រុងសៀមរាប ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប