សៀមរាប៖ ក្រសួងសុខាភិបាល បានទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈឥរិយាបទរបស់បុគ្គលិកបម្រើសេវាមួយចំនួននៅមានកម្រិតនៅឡើយ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៣ លើកទិសដៅបន្តឆ្នាំ២០២៤ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅ សាលប្រជុំមន្ទីរ ពេទ្យជ័យវរ្មន័ទី៧ នៃខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានក្លាយជាមន្ទីរពេទ្យកម្រិត៣ ដែលបានទទួលពិនិត្យ និងព្យាបាល មិនត្រឹមតែអ្នកជម្ងឺក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជម្ងឺមកពីបណ្តាខេត្តជិតខាង ចូលមកទទួលសេវានៅក្នុងខេត្តសៀមរាបផងដែរ ។ លោកវេជ្ជបណ្ឌិតបន្តថា ជាមួយគ្នានេះផ្នែកសម្ភព និងជម្ងឺកុមារ ខេត្តក៏មានមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលទទួលពិនិត្យ ព្យាបាល ដោយមិនគិតកម្រៃផងដែរ ។ ជាមួយការរីកម្រើននេះ បញ្ហាប្រឈមនានាក៏មានច្រើនបញ្ហាបុគ្គលិកសុខាភិបាល ដែលមានចំនួនតិចមិនអាចឆ្លើយតបបានទាន់ពេល ដោយបុគ្គលិកខ្លះមានកន្លែងស្នាក់នៅឆ្ងាយពីកន្លែងធ្វើការ និងបុគ្គលិកខ្លះចំណេះដឹងរបស់គាត់នៅមានកម្រិត និងបុគ្គលិកខ្លះខ្វះការទទួលខុសត្រូវលើការងារមិនគ្រប់ជ្រុងជ្រោយ ។ លោកវេជ្ជ បណ្ឌិត ក្រូស សារ៉ាត់ បន្តថា ជាមួយគ្នានេះ បញ្ហាកង្វះសម្ភារៈ បរិក្ខានិងឳសថ ក៏ជាបញ្ហាប្រឈមសម្រាប់វិស័យសុខាភិបាលផងដែរ ។
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា វិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប បានក្លាយជាគំរូល្អមួយ ហើយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានសម្រេចដាក់ជាមន្ទីរពេទ្យថ្នាក់តំបន់ ដែលមន្ទីរពេទ្យថ្នាក់តំបន់នេះ ជាមន្ទីរពេទ្យមានកម្រិតខ្ពស់ដូចគ្នាទៅនឹងមន្ទីរពេទ្យថ្នាក់ជាតិផងដែរ ។ ឯកឧត្តមបានបន្តថា បើទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមមួយចំនួនក៏ត្រូវតែដោះស្រាយផងដែរ ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ ក្នុងឥរិយាបទក្នុងការបំពេញការងារក៏ជារឿងមួយដែលត្រូវព្យាយាមកែប្រែផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា អ្នកជម្ងឺដែលទៅរកពេទ្យព្យាបាល ពួកគាត់ភាគច្រើនសុទ្ធតែមិនសូវជាមានការគិតគូរវែងឆ្ងាយនោះទេ ព្រោះគាត់កំពុងគិតអំពីជម្ងឺរបស់គាត់ ដូច្នេះការប្រើពាក្យសម្តី ឬកាយវិការឆ្គាំឆ្គងដោយអចេតនាណាមួយ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់ពួកគាត់ ។ ចំណុចនេះហើយ អ្នកបម្រើសេវាសុខាភិបាលគួរព្យាយាមកែប្រែឥរិយាបទរបស់ខ្លួនផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប