អបអរសាទរ ទិវាទឹកពិភព លោកលើកទី៣១

សៀមរាប៖ ថ្ងៃទី ២២ ខែ មីនា ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ទិវាទឹកពិភពលោក ត្រូវបានរៀបចំឡើង សំដៅទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជន នៅលើពិភពលោក ចំពោះសារៈសំខាន់របស់ប្រភពធនធានទឹក ។ ទិវាទឹកពិភពលោក ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ (ជម្រុញការប្រើប្រាស់ទឹក ដើមី្បសន្តិភាព និង ភាពរីកចម្រើន ) ដែលប្រារព្វធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា ទៀ បាញ់ គំរូ ស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក អង្គការដៃគូរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមប្រមាណជា៣០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានបញ្ជាក់ថា ទឹកមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្ស សត្វ រុក្ខជាតិ នៅលើភពផែនដីយើងនេះ ។ បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងអង្គការ អ៉ិសមីតវេសត៍ (លោកខាងលិចជួបខាងកើត) និង តំណាងមូលនិធិទឹកសម្រាប់ស្ត្រី (Water for Women Fund supported by DFAT) រួចមកលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ទិវាទឹកពិភពលោកឆ្នាំ២០២៤ គឺផ្ដោតសំខាន់លើប្រធានបទ(ជម្រុញការប្រើប្រាស់ទឹក ដើមី្បសន្តិភាព និង ភាពរីកចម្រើន ) ។ ដោយ មើលឃើញពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋា ភិបាល និង បណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ បានរឹះរកយុទ្ធសាស្ត្រគន្លឺះ អំពីលទ្ធភាពនៃធនធាន នៅទូទាំង ប្រទេសកម្ពុជា មានអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន៩០% និងគ្រប់ដណ្តប់អនាម័យឲ្យបាន៩០% ឲ្យខាងតែបាននូវទស្សន វិស័យ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ។ លោកបានបញ្ជាក់ថា នៅខេត្ត សៀបរាបក្នុងឆ្នាំ២០២៤នេះ អត្រាប្រជាពលរដ្ឋទទួលសេវាទឹក កម្រិតមូលដ្ឋាន ក្នុងកម្រិត៧៩,៩% និង គ្រប់ដណ្តប់អនាម័យក្នុងកម្រិត ៩៥% ភូមិODF មានចំនួន ៤៩៣ភូមិ ឃុំ ODF មាន ៤៤ឃុំ ស្រុក ODF ចំនួន៣ នៅពេលខ្លីខាងមុខ ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្រី តំណាងក្រសួងអភិវឌ្ឍន៍ជនបទរួចមក មានប្រសាសន៍សំណេះ សំណាលនោះដែរលោក សំកុល សុចិត្រា បានលើកឡើងថា ទិវាទឹកពិភពលោក ដោយផ្តោតការយកចិត្តទុកដាក់ទៅលើ វិបត្តិទឹកស្អាត និង អនាម័យ និង លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ។ ទឹកនិងអនាម័យអាចបង្កើតសន្តិភាព ឬ ជម្លោះ បើការខ្វះទឹក នឹងអនាម័យ មនុស្សតស៊ូ ដើមី្បទទួលបានទឹក និង អនាម័យ អាចបង្កើតឲ្យមានភាពតានតឹងទៀតផង ។ តាមរយៈការសហការគ្នាលើវិស័យផ្គត់ផ្គង់ទឹក និង អនាម័យ អាចធ្វើឲ្យមានតុល្យភាពតម្រូវការទឹក និង អនាម័យ សម្រាប់មនុស្សគ្រប់គ្នា និង ជួយឲ្យមានស្ថេរភាព ។ លោក អភិបាលរងខេត្ត បានបន្តទៀតថា សន្តិភាព និង ភាពរីកចម្រើន គឺពឹងផ្អែកលើទឹកនិងអនាម័យ ហើយនៅពេលយើងគ្រប់ គ្រងការបម្រែបម្រួលអាកាសធាតុ ក៏ត្រូវមានការសហការគ្នាលើវិស័យផ្គត់ផ្គង់ទឹក និង អនាម័យ ពីព្រោះថា ការប្រឹងប្រែងរួមគ្នានាំឲ្យសម្រេចផែនការបានលឿន និងមានប្រសិទ្ធភាព ។ ម៉្យាងទៀត ទឹកនិងអនាម័យអាចនាំឲ្យចាកចេញពី វិបត្តិ គឺធ្វើឲ្យមានភាពសុខដុម នៅក្នុងសហគមន៍តាមការរួមគ្នាប្រើប្រាស់ទឹក និង អនាម័យ ប្រកបដោយនិរន្តភាព និង ធ្វើ សកម្មភាពនៅថ្នាក់មូលដ្ឋាន ។ លោក សំកុល សុចិត្រា បានលើកផងដែរថា ដើមី្បលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹក និង អនាម័យ ធន់ទៅនឹងអាកាសធាតុប្រកបដោយបរិយាបន្ន និង ដើមី្បចលនាធនធានសម្រាប់ការការពារប្រភពទឹក និងការលើកកម្ពស់ការប្រើប្រាស់ទឹក និងបង្គន់អនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន នៅក្នុងសហគមន៍របស់ខ្លួន ។ លោកអភិបាលរងខេត្តបន្តថា ដើមី្បរក្សាបានក្នុងការប្រើប្រាស់ទឹក ទាំងការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃក្នុងការរស់នៅ ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម យើងត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងធនធានដ៏មានតម្លៃនេះប្រកបដោយនិរន្តរភាព គឺត្រូវចេះធ្វើការសនំ្សសម្ចៃក្នុងការប្រើប្រាស់ទឹក ។ លោកបានគូសបញ្ជាក់ថា ទឹកគឺពិតជាមានសារៈសំខាន់ ចំពោះសុខភាព សេដ្ឋកិច្ច និង បរិស្ថាន របស់យើង វាជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ក្នុងការធានា ទឹកត្រូវប្រើប្រាស់ និង គ្រប់គ្រងប្រកបដោយនិរន្តរភាព ។
ក្នុងឱកាសនោះដែរក៏មានការដាក់សំណួរចម្លើយ ដែលពាក់ព័ន្ធទៅនឹងទឹកស្អាតនិងអនាម័យ ដល់សិស្សានុ សិស្ស ដែលបានចូលរួមផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *