សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គ្មានក្រុមហ៊ុនណាមួយទទួលបានសិទ្ធិ អភិវឌ្ឍន៍ហ៊ំរបងព័ទ្ធយកដី ក្នុងតំបន់អង្គរ ធ្វើជាកម្មសិទ្ធិនោះឡើយ គឺមានតែអាជ្ញាធរ ធ្វើរបងសំណាញ់ ដើម្បីការពារសត្វព្រៃមិនអោយចេញក្រៅ សម្រាប់ភ្ញៀវទេសចរដើរទស្សនា នៅក្នុងសួនរុក្ខជាតិអង្គរ។ ការបញ្ជាក់នេះ បន្ទាប់ពីបណ្ដាញសង្គមតិកតុក បានចោទប្រកាន់មកលើស្ថាប័ននេះថា ក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍ដី ក្នុងតំបន់អង្គរចាប់ផ្ដើមធ្វើរបងហ៊ំព័ទ្ធជាបណ្ដើរៗ ដោយជ្រកក្រោមស្លាកអាជ្ញាធរជាតិអប្សរា។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ បំភ្លៃការពិតនេះ ធ្វើឱ្យមហាជន មានការភ័ន្ធច្រឡំ និងប៉ះពាល់កិត្ដិយសដល់ស្ថាប័ន្ធអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ លោកបានបន្ដថា ការជីកដាំបង្គោលរបងហ៊ំព័ទ្ធព្រៃនោះ ជាគម្រោងសួនរុក្ខជាតិអង្គរ ដែលធ្វើឡើងសម្រាប់ដាក់សំណាញ់លួស ព័ទជុំវិញសម្រាប់ការពារ និងអភិរក្សសត្វព្រៃដែលគ្រោងនឹងព្រលែង នៅក្នុងព្រៃធម្មជាតិ សម្រាប់ភ្ញៀវទេសចរដើរទស្សនាកំសាន្ដ ហើយការជីកដីធ្វើរបងនោះ ក៍មិនប៉ះពាល់ដល់ព្រៃឈើនោះទេ យើងធ្វើរបងវាង នៅកន្លែងចំដើមឈើ។ លោកបញ្ជាក់ថា នៅក្នុងព្រៃនេះ អាជ្ញាធរជាតិអប្សរា ក៍មានរៀបចំផ្លូវថ្មើរជើងសម្រាប់ដើរទស្សនា សត្វព្រៃចិញ្ចឹម និងព្រៃព្រឹក្សា ហើយការងារទាំងនេះ ជាការងារដ្ឋ ដែលធ្វើឡើងសម្រាប់ទាក់អ្នកទេសចរ មកទស្សនាខេត្ដសៀមរាបឱ្យបានកាត់តែច្រើន។
លោក ឡៃ ប៉ូទី បានបង្ហាញថា ដីព្រៃដែលបានធ្វើរបងដាក់បន្លាលួសនេះ ជាគម្រោងសួនរុក្ខជាតិអង្គរ មានផ្ទៃដីទំហ៊ំ១៥០ហិកតា ដែលបានចាប់ផ្ដើមធ្វើរបងនៅដើមខែមីនា នឹងគម្រោងបញ្ចប់នៅខែសីហា សម្រាប់ព្រលែងសត្វដែលស្លូតៗងាយស្រួលភ្ញៀវទស្សនា។ ជាមួយគ្នានោះ ផ្លូវថ្មើរជើងនៅក្នុងព្រៃមានប្រវែងជាង៦គមផងដែ ដែលគ្រោងបើកឱ្យដើរទស្សនាព្រៃព្រឹក្សានាពេលឆាប់ៗខាងមុខនេះ។ លោកបានអំពាវដល់សាធារណៈជន កុំឱ្យមានការយល់ច្រឡំ តាមបណ្ដាញសង្គមផ្សព្វផ្សាយ មួយចំនួន ត្រូវជឿងជាក់លើ អាជ្ញាធរ និង រដ្ឋាភិបាល ដែលបានខិតខំរកវិធីសាស្ដ្របង្កើតឱ្យមានតំបន់ទស្សនា ឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិមកទស្សនាកាន់តែទាក់ទាញថែមទៀត៕