រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ


សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និង មន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តសៀមរាប មាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និង ទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្ត សៀមរាប និង មន្ត្រីរាជការ ចំនួន៣៣៩នាក់ ស្រី១២០នាក់ ។ ក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ក្នុងកិច្ចស្វគមន៍របស់ លោក លី វណ្ណះ នាយករដ្ឋបាលសាលាខេត្ត បានគូសបញ្ជាក់ថា ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀបចំធ្វើតេស្ត ដល់បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។ និយាយដោយឡែកមន្ត្រីបុគ្គលិកដែលបម្រើការងារនៅសាលាខេត្តសៀមរាប មានចំនួនសរុប ៣៣៩នាក់ ស្រី១២០ ,មានក្រុប្រឹក្សាខេត្ត ២៧នាក់ ស្រី ៣នាក់ ,ការិយាល័យប្រជាពលរដ្ឋ ២នាក់ ស្រី១នាក់ .មន្ត្រីក្រមខណ្ឌ១៧៥នាក់ ស្រី ៤៣នាក់ ក្នុងនោះមន្ត្រីសាលាខេត្ត ១៥៩ នាក់ស្រី ៤១ នាក់ ,មន្ត្រីក្របខ័ណ្ឌជួរក្រោយ ចំនួន១៦នាក់ ស្រី ០២នាក់ មន្ត្រីកិច្ចសន្យា ចំនួន ៨១ នាក់ ស្រី ៤៣នាក់ មន្ត្រីស្ម័ត្រចិត្តចំនួន ៣៤នាក់ ស្រី ១៦នាក់ និង អ្នកអនាម័យ ចំនួន ២០នាក់ ស្រី ១៣ នាក់ ។
ក្នុងការសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបានសហការល្អ ក្នុងរៀបចំបុណ្យទន្លេ បានដំណើរការទៅប្រកបដោយជោគជ័យ ធានាបានសន្តិសុខ សុវត្ថិភាពខ្ពស់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ។ ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងថា ការធ្វេីតេស្តរកធាតុញៀនលេីមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ។ រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការរកសារធាតុញៀនទៅលើមន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក និង មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ឯកឧត្តមបានបន្តទៀតថា នេះជាជំហានដំបូង រដ្ឋបាលខេត្ត បានទទួលឧបករណ៍សម្រាប់ធ្វើតេស្ត ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គិលសាលាខេត្តសៀមរាប ។ ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និង ឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យទៀតផង ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ទៀតថា មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ។
ជាលទ្ធផលមន្ត្រីរាជការទាំងអស់សុទ្ធតែអវិជ្ជមានទាំងអស់ ។ គូសបញ្ជាក់ថា មន្ត្រីទាំង៣៣៩នាក់ ដែលបានចូលរួមធ្វើតេស្ត មានចំនួន២៩៤ នាក់ ស្រី ១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ស្រី ៧នាក់ ដោយបានសុំច្បាប់ ២៦នាក់, ជាប់បេសកកម្ម ១៧នាក់, លាឈប់ ១នាក់ និង ទំនាក់ទំនងមិនបាន១នាក់ ។ យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ ។ តែក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និង ប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *