គណៈកម្មាធិការ បណ្តុះបណ្តាល ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពី គ្រួសារក្រីក្រនិងងាយរងហានីភ័យ

សៀមរាប៖ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់អោយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេលបួនខែ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់អាទិភាពក្នុងអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចបានបង្ហាញនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងការពង្រឹងនិងអភិវឌ្ឍការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែរឹងមាំ។លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងគោលនយោបាយដែលចង់ឱ្យយុវជនយើងមានជំនាញបច្ចេកទេសបឋមយ៉ាងតិចមួយ ក្នុងការលើកកម្ពស់បំណិនជីវិត អាជីពការងារសមរម្យ ពិសេសជួយឱ្យជីវភាពបងប្អូនកាន់តែប្រសើរ រដ្ឋបាលខេត្ត ស្នើរដ្ឋបាលក្រុងស្រុកបន្តជំរុញ និងពង្រឹងបន្ថែមទៀតលើកិច្ចការមួយចំនួនដូចជា៖ បន្តជំរុញដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការផ្សព្វផ្សាយ និងពន្យល់ពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញ ដល់យុវជនដែលជាក្រុមគោលដៅ, បន្តគាំទ្រ និងសហការជាមួយវិទ្យាស្ថានទាំងពីរទៅតាមផែនការដែលបានគ្រោងទុក ដើម្បីឱ្យដំណើរការនៃការជ្រើសរើសយុវជនគោលដៅឱ្យទទួលបានលទ្ធផលល្អប្រសើរ, ធ្វើការផ្សព្វផ្សាយជាប្រចាំតាមកិច្ចប្រជុំនានា និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ, បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគរបស់ខ្លួន និងធ្វើការណែនាំដល់រដ្ឋបាលឃុំសង្កាត់ ក្នុងការដាក់បញ្ចូលផែនការជ្រើសរើសនេះទៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់ ដើម្បីធ្វើការគាំទ្រ និងជំរុញសកម្មភាពនេះឱ្យបានខ្លាំងក្លា។
លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមគោលដៅ និងជំរុញដល់អាណាព្យាបាលសិស្ស យុវជន អោយចុះឈ្មោះចូលរៀនជំនាញអោយច្រើន ដើម្បីយុវជនរបស់យើងមានជំនាញច្បាស់លាស់ មានការងារធ្វើ និងអាចវិលត្រឡប់មកសហគមន៍វិញក្នុងការបើកមុខរបរខ្លួនឯង និងចូលរួមជួយអភិវឌ្ឍនសហគមន៍របស់ខ្លួនអោយមានការរីកច្រើនផងដែរ។
សូមជម្រាបថា ការសម្រេចចិត្តចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសពិតជាមានសារៈសំខាន់ណាស់ម្រាប់យុវជនខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងការទទួលបាននូវឱកាសចេះជំនាញ ចំណេះដឹង ឥរិយបថ សីលធម៌ សុជីវធម៌ មានការងារធ្វើ និងប្រាក់ចំណូលសមរម្យ ជាពិសេសការផ្តល់នូវប្រាក់ឧបត្ថម្ភប្រចាំខែ ក្រៅពីការរៀនជំនាញមជ្ឈមណ្ឌលមានកម្មវិធីមានលក្ខណៈបត់បែនដោយបញ្ចូលនូវសកម្មភាព កីឡា សិល្បះ ជំនាញទន់ ការផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន សហគ្រិនភាព ការផ្តល់ប្រឹក្សាយោបល់ ការងារនៅកន្លែងធ្វើការ ដើម្បីអោយយុវជនចេះជំនាញពិតប្រាកដ និងមានផ្នត់គំនិតទម្លាប់ល្អ ដៃជំនាញ សំដីពីរោះ ចិត្តអំណត់ និងជោគជ័យផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *