កម្មវិធីប្រឡងគំនូរ ដើមី្បអបអរសាទរខួបលើក ទី១៦១ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

សៀមរាប៖ ដើមី្បអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ សាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដោយមានយុវជនកាកបាទក្រហមកម្ពុជា ដែលជាបេក្ខជនចូលរួមប្រឡងគំនូរមានចំនួន៣០នាក់ ( ស្រី ១៩នាក់) មកពីវិទ្យាល័យចំនួន ៧ មានវិទ្យាល័យ សម្តេចឪ ៤នាក់ (ស្រី ៣នាក់) , វិទ្យាល័យ អង្គរ ៦នាក់ (ស្រី ៤នាក់) , វិទ្យាល័យ ហ៊ុន សែន សៀមរាប ៤នាក់ (ស្រី ៣នាក់) , វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ៤នាក់ (ស្រី ៣នាក់) , វិទ្យាល័យ ១០មករា១៩៧៩ ចំនួន៣នាក់ (ស្រី ៣នាក់) ,វិទ្យាល័យ បាយ័ន ៤នាក់ (ស្រី ២នាក់) និង វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ៥នាក់ (ស្រី ១នាក់) ។
ក្នុងវិធីសាស្ត្រនៃការប្រឡងគំនូរនេះ បេក្ខជនត្រូវគូរគំនូរនៅសាលារៀងៗខ្លួន ដោយដោយផ្ដោតលើប្រធានបទ (រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) មានរយៈពេល៣ម៉ោង។ នៅពេលគូររួចត្រូវប្រមូលផ្ទាំងគំនូរ យកមកសាខា ដើម្បីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសជ័យលាភី កម្រិតសាខា ។
បន្ទាប់ពីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសផ្ទាំងគំនូរជ័យលាភី កម្រិតសាខារួចមក ក៏បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកម្រិតសាខា ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន នៃសាខាគោលដៅ និងប្អូនៗបេក្ខជនទាំង៣០នាក់ផងដែរ ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានលើកឡើងថា ទោះបីជារូបភាពដែលដាក់តាំងនៅទីនេះ មិនបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬ អ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះបានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ក្មួយៗដោយបង្កប់ទៅដោយខ្លឹមសារ អត្ថន័យ តាមរូបភាពគំនូរ ហើយតាមការជួយបំផុស ណែនាំ ខ្លឹមសារគំនូរពីសំណាក់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ។ ក្នុងនោះមានក្មួយៗខ្លះទើបតែរៀនគូរគំនូរស្តីពីសកម្មភាព និងខ្លឹមសារនេះជាលើកទី១ផងដែរ ។ តាមរយៈនេះក្មួយៗបានសាកល្បងទឹកដៃ ជាវិចិត្រករវ័យក្មេង ពិតជាបានដឹងថាការរិះរកអំពីខ្លឹមសារត្រូវគូរ ការគូរដោយផ្ទាល់លើក្រដាសគំនូរ និងការផាត់ពណ៌នេះមានការងាយស្រួល ឬលំបាកយ៉ាងណានោះ។ ដូច្នេះហើយ ទើបបច្ចុប្បន្ននេះ ទោះបីមានបច្ចេកវិទ្យារីកចំរើន ដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះ និងរហ័សទាន់ចិត្តក្តី ក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយ ពិសេសចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។ លោកជំទាវបានធ្វើការសរសើរដោយស្មោះចំពោះស្មារតីខិតខំព្យាយាម ឆ្លៀតពេលពីការសិក្សា របស់ក្មួយៗទាំង៣០រូប ចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាយើង ។ ជាមួយគ្នានេះដែរ ចំពោះក្មួយៗដែលមិនបានជាប់ជ័យលាភីនាពេលនេះ សូមកុំមានការអាក់អន់ស្រពន់ចិត្តអី ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា និងសូមក្មួយៗព្យាយាមបន្តទៀត ដោយហេតុថាឱកាសសម្រាប់ក្មួយៗមានច្រើននៅឆ្នាំខាងមុខ និង សូមក្មួយៗទាំងអស់បន្តយកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ពិសេសត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
ក្នុងនោះដែរ ជ័យលាភីលេខ១ បានទៅលើយុវតី ថាត រីតា សិស្សថ្នាក់ទី 10A វិទ្យាល័យ ១០ មករា ១៩៧៩ និង ជ័យលាភីលេខ២ បានទៅលើយុវតី ចាន់ សុជាតា សិស្សថ្នាក់ទី12R វិទ្យាល័យ ១០ មករា ១៩៧៩ និង ជ័យលាភីលេខ៣ បានទៅលើយុវតី រត្ន័ លីហ្សា សិស្សថ្នាក់ទី១១C វិទ្យាល័យសម្តេចឪ ដោយអមរង្វាន់លើកទឹកចិត្តផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *