កីឡាការិនីអន្តរជាតិ មកពីប្រទេសនិយាយ ភាសាបារាំងប្រមាណ ២៧៦នាក់ ចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ នៅខេត្តសៀមរាប

សៀមរាប៖ ក្រុមហ៊ុនZBO និងក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានកីឡារិនីអន្តរជាតិមកពីប្រទេសនិយាយភាសាបារាំងប្រមាណជាង២៧០នាក់។ ព្រឹត្តិការណ៍ខាងលើនេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា ការរត់ឆ្លងកាត់ឧបសគ្គ ដែលមានគោលដៅសំខាន់គឺដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី ។
លោក យុន លីនណេ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គ (Raid Amazones) ជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព មួយរបស់ពិភពលោក ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០១ ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា និងបានបង្ហាញពីភាពក្លាហាន ការតស៊ូអត់ធ្មត់របស់អត្តពលិកនារី។ លោក យុន លីនណេ បញ្ជាក់ថា ការប្រកួត កីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រស្ត្រីឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស ។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរស ខ្មែរបានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។ បន្ថែមពីនេះ ព្រឹត្តិការណ៍កីឡាប្រភេទនេះ ក៏បានជួយផ្សព្វផ្សាយពីសក្តានុពល គៅលដៅទេសចរណ៍ របស់ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនូវប្រាង្គប្រាសាទក្បូរក្បាច់រចនាដ៏មហិមា ព្រមទាំង សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង ។ លើសពីការប្រើប្រាស់រាងកាយ និងការផ្សងព្រេង ព្រឹត្តិការណ៍នេះ បានដើរតួជាអ្នកបំផុសគំនិតដល់ស្ត្រីទូទាំងពិភពលោក ដោយបង្ហាញឲ្យឃើញថា កីឡា និងការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ហើយរាល់ឧបស័គ្គដែលបានឆ្លងកាត់គឺជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន ។ ព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones)លើកទី៤នេះ គឺជាកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍មួយនៅក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones)លើកទី៤នេះ បានចាប់ចេញដំណើរពីចំណុចមុខ ប្រាសាទតាព្រហ្ម ដោយបានឆ្លងកាត់ទីប្រាង្គប្រាសាទ កាត់ព្រៃក្នុងតំបន់អង្គរ ដោយឆ្លងកាត់ឧបសគ្គជាច្រើន រហូតដល់គោលដៅកំណត់ចុងក្រោយ នៅមុខប្រាសាទបកី្សចាំក្រុង ។ ក្នុងសកម្មភាពនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) ដោយបានចែកកីឡាការិនីជាក្រុមៗ ដោយមួយក្រុមមានកីឡាការិនីពី០៤ ទៅ ៦នាក់ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *