សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងនាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៤។
ក្នុងកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និង សន្តិសុខសណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានជម្រាប់ដល់គណៈប្រតិភូ អំពីវិស័យសេដ្ឋកិច្ចរបស់ ខេត្ត មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍ វប្បធម៌ធម្មជាតិ ។ ដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ ។ ម៉្យាងទៀត ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការ ងារសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរណ៍ និង សន្តិសុខមូលដ្ឋាន ។
មានប្រសាសន៍នោះដែរលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត ក៏បានធ្វើ ការបញ្ជាក់អំពីគោលបំណង របស់គណៈប្រតិភូ ដោយបានផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង លើកពី ចម្ងាយផ្លូវពីក្រុងសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ផងដែរ ។ ក្នុងនោះដែលសមាជិកនៃក្រុមគណៈប្រតិភូ ក៏បាន លើកឡើង អំពីការងារសន្តិសុខ សុវត្ថិភាពក្នុងវិស័យទេសចរណ៍ និង ពីចម្ងាយឆ្ងាយនៃព្រលានយន្តហោះថ្មី និង ពីវិធានការក្នុងការបម្រើការដឹកជញ្ជូនភ្ញៀវយ៉ាងណាដែរ នៅពេលចំពោះមុខនេះ ។ ក្នុងនោះដែរក្រុមប្រតិភូក៏បានគូសបញ្ជាក់ថា ការងារសន្តិសុខ គឺមានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ តែក្នុងពេលកន្លងមកថ្មីៗនេះ តាមព័ត៌មានបណ្តាញ សង្គម លើកពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ហើយតាមពាក្យអាចាមរាមមួយចំនួន ដែលជាពាក្យមិនល្អមួយ សម្រាប់ ខេត្តសៀមរាប ក៏ដូចព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និង គណៈប្រតិភូជាន់ខ្ពស់ ។ ខេត្តសៀមរាបជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត និង ជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និង ដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វីកើតឡើង ។ ម៉្យាងទៀតក្នុងពេលមានកិច្ចប្រជុំថ្នាក់កំពូលធំៗ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការរឹតបណ្តឹងលើការងារសន្តិសុខ សុវត្ថិភាព យ៉ាងតឹងរឹង និង មានកិច្ចសហប្រតិបត្តិការបានល្អជាមួយបណ្តាប្រទេសជិតខាង សំខាន់ប្រទេសថៃ ដែលមានភូមិផងរបងជាមួយគ្នា ។ លោកក៏បានបញ្ជាក់ផងដែរ អំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅ កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និង គម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូលមកក្រុងសៀមរាប ដើមី្បសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ ។ ក្នុងនោះដែរផ្នែកជំនាញខាងសមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏បានជម្រាបជូនផងដែរ អំពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ក្នុងពេល កន្លងមកនេះ បង្កឡើងដោយកំហុសបច្ចេកទេសរថយន្ត ពុំដូចតាមប្រព័ន្ធបណ្តាញសង្គមដែលបានលើកឡើងនោះឡើយ ហើយក្រុមសមត្ថកិច្ចជំនាញ ក៏បានកំពុងបន្តធ្វើការស្រាវជ្រាវពីករណីនេះផងដែរ ។
ក្នុងនោះដែរលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ ក្នុងនាមតំណាងប្រតិភូអនុព័ន្ធយោធា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែង នូវបទពិសោធន៍ ក្នុងកិច្ចដឹកនាំ អភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្ត ។ ឱកាសនោះដែរក្រុមគណៈប្រតិភូ បានបន្តទៅទស្សនកិច្ចនៅទីបញ្ជាការយោធភូមិភាគទី៤ ជាបន្តទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប