គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor) របស់អង្គការUNESCO កំពុងជួបប្រជុំបច្ចេកទេសលើកទី៣៨នៅខេត្តសៀមរាប

សៀមរាប៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សានិងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។

សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានាគឺមានសារសំខាន់សម្រាប់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក(ICC-Angkor-Sambor Prei Kuk)និងសម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទសវត្សតទៅមុខទៀត។

លោក IChitomo Taninai ថ្លែងទៀតថា ក្រៅតែពីជួយដល់ការងារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទសំបូរព្រៃគុកផងដែរ។ កាលពីឆ្នាំមុនជប៉ុន បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថានៅក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងមានធនធានមនុស្សនិងបុរាណវិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេចធ្លោជាសកលនាពេលខាងមុខ។
ពេញមួយថ្ងៃទី១៤ខែមីនានេះ អង្គប្រជុំបានពិភាក្សានិងពិនិត្យទៅលើការងារនៅតាមការដ្ឋានការងារជាតិនិងអន្តរជាតិ ជាច្រើនដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា ព្រមទាំងត្រួតពិនិត្យទៅលើរបាយការណ៍ស្ដីពីការងារទាំងនោះផង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *