សៀមរាប៖ នៅអាគាររដ្ឋបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលែនសៀមរាប បានរៀបចំពិធី<<សំណេះសំណាលជាមួយយោធិននារី និងអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល>>។
ពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិនិងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាប វត្តមានចូលរួមពី នាយករងនាយផ្នែក និងយោធិននារីក្នុងអង្គភាពនាព្រឹកថ្ងៃសុក្រទី ៨ ខែមីនា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្តើមឧត្តមសេនីយ៍ត្រី ឌុច ស៊ីដាវី នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលែនសៀមរាប និងទទួលការងារយេនឌ័រ មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលក្រុមយេនឌ័រសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកឡើងពីការប្តេជ្ញាចិត្តបន្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចស្នូល បន្ថែមទៀតឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងជាពិសេសកាត់បន្ថយនូវ គម្លាតយេនឌ័រនៅតាមបណ្តាអង្គភាព និងស្ថាប័នរដ្ឋ។
ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីណាក់ ឯកឧត្តម មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្នុងនាមថ្នាក់ដឹកនាំយោធិនពិការ ក្នុងមជ្ឈមណ្ឌលទាំងមូល និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមអបអរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូន យោធិននារីទាំងអស់ ក្នុងមនោសញ្ជោតនា ស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅ ជាទីបំផុត និងបានឧបត្ថម្ភថវិកា ជូនដល់យោធិននារីចំនួន ១៨នាក់ម្នាក់ៗទទួលបាន ថវិកាចំនួន៥០,០០០៛(ប្រាំម៉ឺនរៀល)ទឹកក្រូចមួយកេស ម៉ីមួយកេស ទឹកសុទ្ធមួយយួរ សារុងមួយ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានកោតសរសើរដល់បងប្អូនយោធិននារីទាំងអស់ ដែលជាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការបំពេញតួនាទី ភារកិច្ចតាមអង្គភាពស្ថាប័នរដ្ឋ និងមានទំនួលខុសត្រូវ ជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់សុភមង្គលក្នុងគ្រួសារ។
ស្ត្រីមានភាពមមាញឹក និងទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះកាតព្វកិច្ច តាមបណ្តាអង្គភាពស្ថាប័នរដ្ឋ ព្រមទាំងមានទំនាក់ទំនងល្អ និងការយោគយល់អត់ឱនឱ្យគ្នា ទៅវិញទៅមកសក្តិសម ជាស្ត្រីនៃមាតាពិភពលោក ក្នុងយុគសម័យឌឺជីថល ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសកម្ម នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រដឹកនាំ របស់រាជរដ្ឋាបាលកម្ពុជា និងការចូលរួមអនុវត្តរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ពៅ ស៊ា សូមថ្លែងអំណរគុណ និងជូនពរយោធិននារីទាំងអស់ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសិរីសួស្តី សុភមង្គល វិបុសសុខគ្រប់ប្រការ និងជួបប្រទះពុទ្ធពរ ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕