សៀមរាប៖ នៅវិហារឥស្លាមអាន់នៀកម៉ាស់ ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្នាក់ដឹកនាំសាសនិកឥស្លាម ខេត្តសៀមរាបបានរៀបចំពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម ដោយមានការឡើងសូត្រព្រះគម្ពីរអាល់គូរអាន និងមានសម្តែងចំរៀង (ខស៊ីដាស់ឥស្លាម)ជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងពិធីនេះដែរក៍មានការអញ្ជើញជាអធិបតី ពីសំណាក់ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានគណៈអ៊ីមាំខេត្ត លោកស្រីអភិបាលរងក្រុងសៀមរាប លោកប្រធានការិយាល័យអប់រំក្រុង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ព្រមទាំងបងប្អូនខ្មែរឥស្លាម និងសិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្តបានមានប្រសាសន៍ថាការធ្វើពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន(ខែបួសរបស់បងប្អូនខ្មែរឥស្លាម)គឺអាចមកដល់នៅថ្ងៃទី១០ ឬទី១១ ខែមីនា នាពេលខាងមុខនេះ គឺសម្រាប់អ្នកកាន់សាសនាឥស្លាម ។ ឯកឧត្តម បានបន្តថា ខែរ៉ាម៉ាឌន គឺជាខែដ៏ពិសិដ្ឋរបស់ឥស្លាមគ្រប់ទិសទីនៅលើសកលលោក ដែលអនុវត្តនៅលើប្រព័ន្ឋលំនាំប្រពៃណីតែមួយ ដែលបានតម្រូវលើជនមុស្លីមគ្រប់រូបឲ្យអនុវត្តន៍ទាំងចាស់ទាំងក្មេង ប្រុសស្រី សូម្បីកុមារក៏ត្រូវស្ថិតនៅក្នុងការរៀនបួស តាមលទ្ធភាពរបស់ខ្លួនដែរ ។ ឯកឧត្តម អែល សៀត បានបញ្ជាក់ទៀតថា ដើម្បីឲ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់ និងតមការធ្វើអំពើមិនគប្បី តាមការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដ៏ទៃ ពិសេសគឺដាក់ខ្លួនឲ្យស្មើភាព ដោយចៀសវាងពីភាពរើសអើង ឬច្រណែនឈ្នានីសចំពោះសមាជិកក្នុងសហគមន៍ខ្លួន ដើម្បីបង្កើតបាននូវបរិយាកាសសហការគ្នាលើការជំរុញឲ្យប្រព្រឹត្តអំពើល្អ និងទប់ស្កាត់មិនឲ្យធ្វើអំពើអាក្រក់ ហើយចំពោះការបួស មិនមែនតែការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់កាយវិការមិនសមរម្យ ដូចជាការបៀតបៀន រំលោភសិទ្ឋិអ្នកដទៃ ការកេងប្រវ័ញ្ញ និង អំពើអសិលធម៌ផ្សេងៗ ។
ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនៃសុខសន្តិភាពដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់ក្ដៅ និង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាឥស្លាម បាននិងកំពុងរួមរស់ រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណី និងការអនុញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ក្រសួង មន្ទីរនានាផងដែរ ៕