ប្រតិភូគ្រប់ស្ថាប័ន និង កងកម្លាំងប្រដាប់អាវុធអញ្ជើញគោរពវិញ្ញាណ ក្ខន្ធ ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា

សៀមរាប៖ គណៈប្រតិភូ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យ យោធភូមិភាគទី៤ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១៧.០០នាទី នាថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតំកល់ធ្វើបុណ្យសព នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ ធ្លក អណ្តូង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ក្រោយពីទទួលពីដំណឹងដ៏ក្រៀមក្រំ ពីមរណភាពរបស់ ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា ដែលធ្វើឲ្យថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មានការសោកស្តាយយ៉ាងខ្លាំង ពីការបាត់បង់នូវថ្នាក់ដឹកនាំមួយដ៏ឆ្នើមមួយរូប ពោរពេញទៅដោយ មនសិការស្នេហាជាតិ ក្នុងការដឹកនាំបំពេញកាតព្វកិច្ចការពារ កសាងជាតិមាតុភូមិ ក្នុងមួយជីវិត ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និង ការលះបង់ធំធេង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបុព្វហេតុការពារជាតិ មតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តមដែលជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងការបញ្ជាដឹកនាំ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ក្នុងការបម្រើជាតិមាតុភូមិ និង ការពារបូរណភាពទឹកដី និង នាំមកនូវសេចក្តីសុខសន្តិភាព សុវត្ថិភាពជូនប្រជាជាតិកម្ពុជាទាំងមូល ។ ការអញ្ជើញគោរពវិញ្ញាណក្ខ័ន្តសព ឯកឧត្តម ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា នាពេលនេះ ក៏ជាកិច្ចជួបគ្នាចុងក្រោយ និង ជាការជូនដំណើរជាចុងក្រោយរបស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់ជាន់ថ្នាក់និងមន្ត្រីរាជការ ដែលបង្ហាញនូវតែក្តីសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់វីរជនដ៏ឆ្នើមមួយរូប ដែលជាថ្នាក់ដឹកនាំមេបញ្ជាការដ៏ល្អ និង ជាគំរូសម្រាប់ដល់កងកម្លាំងទាំងអស់ ត្រូវគោរពចងចាំ នៅក្នុងដួងចិត្តមនសិកាជាតិខ្ពស់ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុក ជីតា ជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចកងយោធពលខេមរភូមិន្ទ និង គ្រប់ស្ថាប័នជាតិ គ្រប់ជាន់ថ្នាក់ និង នាយទាហាន ពលទាហាន មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលឆ្នើមមួយរូប ក៏ដូចជាការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។
ក្នុងនោះដែរគណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា ឲ្យសូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ នៅព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២៤នេះដែរ ក៏មានវត្តមាន ឧត្តមសេនីយ៍ឯក ពៅ ស៊ាង អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលេន ៣១៧សៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមេបញ្ជាការរងភូមិភាគ ប្រតិភូមកពីបណ្តាកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសឹករង ចំណុះឲ្យយោធភូមិភាគទី៤ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត អាជ្ញាធរជាតិអប្សរាផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាល ចូលរួមសម្តែងការរំលែកទុក្ខនៃក្រុមគ្រួសារសព គ្រប់កងពល តំណាងស្ថាប័នទាំងអស់ ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ស្ថាប័ននិមួយៗ រួមទាំងបច្ច័យ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា យកទៅប្រើប្រាស់ ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *