ប្រជាពលរដ្ឋជាង ១៣០គ្រួសារ សូមណូមពរ ដល់អាជ្ញាធរ សុំរើតែផ្ទះណាឬ ផ្នែកណានៃផ្ទះដែលទើសខណៈក្រសួងធនធានទឹករៀបចំ អភិវឌ្ឍន៍ទំនប់៧៨

ដោយ អ៊ុក ផ្លុង សៀមរាប÷ ប្រជាពលរដ្ឋ រស់នៅទំនប់៧៨ ត្រង់ចំណុច ទំនប់សួង ស្ថិតក្នុងភូមិ ស្ដៅ ឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប នៅព្រឹក ថ្ងៃ ពុធ ទី០៦ ខែ មិនា ឆ្នាំ២០២៤ មានចំនួន១៣៧ គ្រួសារ ខ្លះបានរុះរើផ្ទះសម្បែងរបស់ខ្លួនតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ភូមិ ឃុំ និង ខ្លះទៀតសូមណូមពរ ដល់អាជ្ញាធរ ឱ្យសិក្សាដោយក្ដីអនុគ្រោះដល់ពួកគាត់ដែលគ្មានដីធ្លីសម្រាប់រស់នៅ។ បើយោងតាមសម្ដីរបស់ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ មិនបានប្រឆាំងនឹងការអភិវឌ្ឍរបស់ក្រសួង ក្នុងការជួសជុលស្ថាបនាអាងស្តុកទឹកនៅចំណុចនេះទេប៉ុន្តែសូមឱ្យក្រសួង និងអាជ្ញាធរមេត្តាឱ្យ ពួកគាត់រុះរើតែផ្ទះណា និងចំណុចណានៃផ្ទះដែលទើសក្នុងការជួសជុលស្ថាបនាបានហើយ ប្រសិនបើប៉ះពាល់ពួកគាត់ស្ម័គ្រចិត្តនឹងរុះរើឥតប្រកែក។ បើពុំដូចឆ្នោះទេ វាសនារបស់ពួកគាត់ទាំងអស់គ្នា ប្រាកដជាវេទនាជាងសត្វក្របីដែលមានម្ចាស់ធ្វើក្រោលឱ្យដេក។ ពាក់ព័ន្ធករណីខាងលើនេះ លោក កង ជឿន មេឃុំ អន្លង់ សំណរ បានស្រាយ បំភ្លឺថា អាជ្ញាធរធ្លាប់បានប្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់រស់នៅលើ ខ្នងទំនប់៧៨ ជារឿយៗ ដែលថា ហាមសង់លំនៅដ្ឋានធំលើដីរដ្ឋ ព្រោះ នៅពេលដែលរដ្ឋត្រូវការអភិវឌ្ឍ ខ្លាចខាតបង់ថវិកាឥតប្រយោជន៍ ។ ម្យ៉ាងវិញទៀតលោកហើយនិងមេភូមិ បាន បិទបណ្ណប្រកាសព័ត៌មានតាមផ្ទះបងប្អូនឱ្យត្រៀមរើផ្ទះ និងរកទីលំនៅថ្មីបណ្ដោះអាសន្នសិន រង់ចាំក្រសួងរៀបចំសន្ទះលូ និងផ្លូវលើខ្នងទំនប់រួចរាល់សិនចាំបងប្អូនយកឈើមកសង់ផ្ទះតាមកន្លែងចាស់របស់បងប្អូនវិញ។ ប៉ុន្តែប្រជាពលរដ្ឋថាចាំមើលគ្រឿងចក្រមកដល់សិនពួកគាត់យល់ថាអាជ្ញាធរចេះតែថា។ ទន្ទឹម នឹងនោះដែរ លោក កង ជឿន មានប្រសាសន៍ថា លោក នឹងជូនដំណឹងដល់ក្រសួង អំពី សូមណូមពររបស់ ប្រជាពលរដ្ឋ បើអ្នកឯកទេសជំនាញផ្នែក វិស្វកម្មថាអាចរុះរើតែផ្ទះខ្លះអាចធ្វើឱ្យសំណង់រឹងមាំបាន ស្រេចលើក្រសួង ប៉ុន្តែបើក្រសួងតម្រូវឱ្យរុះរើទាំងអស់ អាជ្ញាធរមិនហ៊ានប្រឆាំងឡើង។ ម្យ៉ាងវិញទៀតសម្រាប់ទីលំនៅបណ្ដោះអាសន្ន អាជ្ញាធរអាចចង្អុលបង្ហាញបាន។ អ៊ីចឹង មានតែ រង ចាំមើលទេថា តើ ការសូមណូមពរ របស់ប្រជាពលរដ្ឋរស់នៅទំនប់ ៧៨ ត្រង់ចំណុចទំនប់សួងបានដូចបំណង ឬ យ៉ាងណា?

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *