រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ពិធីបុណ្យទន្លេជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញ ភ្ញៀវទេសចរ ចូលមកទស្សនាសៀមរាប

សៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ។ ឯកឧត្តមបានបន្តថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និង មានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ទៅហើយ ។ ក្នុងពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និង ក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ ។ ឯកឧត្តម សុខ សូកេន ក៏បានជំរុញឱ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ត្រូវធ្វើការរៀបចំឱ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថានស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងលម្អនៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញដល់ភ្ញៀវ និង បន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ។ ក្នុងនោះឯកឧត្តមបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលរបស់ប្រជាពលរដ្ឋយើង និង មិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ ។
មានប្រសាសន៍នោះដែរឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ផងដែរ ថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហើបឱ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេនេះទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើម្បីបង្កលក្ខណៈជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ (ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ )ដោយមានការសម្តែងសិល្បៈ ការប្រគំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជនអាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារមាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់ ៕

ម៉ី សុខារិទ្ធិ ភ្នាក់ងារព័ត៌មានសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *