មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ចាប់ផ្ដើមបើក ការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើស រើសជើងឯក ឆ្នាំសិក្សា ២០២៣-២០២៤ នៅដើមខែមិនា ឆ្នាំ២០២៤នេះ

តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលាភីកម្រងសិស្សបឋមសិក្សា ឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតហើយដោយក្នុងនោះមានកីឡាករ ជាកុមារា កុមារី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ៥ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការប្រកួតកីឡាកម្រងសិស្សបឋមសិក្សានេះដែរ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានធ្វើការជំរុញដល់លោកគ្រូអ្នកគ្រូជាគ្រូបង្វឹក នឹងជាអ្នកដឹកនាំកីឡាមកចូលរួមប្រកួត ត្រូវប្រឹងប្រែងពន្យល់ពីបច្ចេកទេសលេងកីឡាដែលប្រាកដទៅដោយស្ដង់ដារនៃការលេង ព្រោះក្មេងៗកុមារាកុមារី ទាំងនេះហើយជាទំពាំងស្នងឫស្សី ដែលយើងជាគ្រូត្រូវតែប្រឹងប្រែងបណ្ដុះបណ្ដាលពួកគាត់ឱ្យក្លាយខ្លួនទៅជាកីឡាករល្អៗនៅថ្ងៃខាងមុខ ដើម្បីជួយជាតិរបស់យើងក្នុងពេលដែលមានតម្រូវការពួកគាត់ ក្នុងក្របខ័ណ្ឌកីឡាជាតិ ។ ជាមួយនឹងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សានេះដែរ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ បានឱ្យដឹងថា វិញ្ញាសាកីឡាទាំង ៥នេះ គឺមានកីឡាករ ដែលជាកុមារាកុមារីមកចូលរួមប្រកួតចំនួនជាង ៦០០នាក់ មកពីស្រុកនិងក្រុងទាំង១០ ក្នុងខេត្ដតាកែវ ក្នុងនោះ បាល់ទាត់កុមារានិងកុមារីមានចំនួន ១៦ក្រុម បាល់ទះកុមារា និងកុមារី មានចំនួន ១៦ក្រុម បាល់បោះកុមារា និងកុមារី មានចំនួន ១៣ក្រុម អត្តពលកម្មកុមារា និងកុមារី មានចំនួន ១២ក្រុម និងប៉េតង់ប៊ូល កុមារា និងកុមារី មានចំនួន ១៧ក្រុម ។ លោកប្រធានមន្ទីរបន្តថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាថ្នាក់ខេត្ដ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ គឺយើងធ្វើរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៤ ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *