កិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន .ន័រវែស

សៀមរាប៖ នៅសណ្ឋាគារបុរីអង្គរ និង ស៉្បា ខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន .ន័រវែស (ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីក ក្នុងតំបន់ អាស៊ាន -ASEANO ដំណាក់កាលទី 2 ) ក្រោមអធិបតីភាពរបស់ឯកឧត្តម សាន វណ្ណធី រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម Kjell Tormod Pettersen ឯកអគ្គរដ្ឋទូតន័រវេសប្រចាំអាស៊ាន និង លោក Pinsak Suraswadi អគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រទេសថៃ និង លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាតំណាងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងគណៈប្រតិភូ អ្នកជំនាញពាក់ព័ន្ធ តំណាងមកពីដៃគូពាក់ព័ន្ធ ។
ក្នុងកិច្ចស្វាគមន៍របស់លោក យន់ លីនណេ អភិបាលរងខេត្ត បានលើកឡើងថា ខេត្តសៀមរាប ជាខេត្តសំបូរទៅដោយធនធានធម្មជាតិ និង បេតិកភណ្ឌវប្បធម៌ ដែលមានប្រាសាទបុរាណដ៏ល្អប្រណិត មានប្រាសាទអង្គរវត្ត ជាដួងព្រលឹងជាតិ ដែលជាបេតិកភណ្ឌពិភពលោក និង តភ្ជាប់ទៅបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺបឹងទន្លេសាប ជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក ដែលជាបឹងធំបំផុត ។ លោកបានបន្តទៀតថា ទីតាំងយុទ្ធសាស្ត្រនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីតួនាទីដែលមិនអាចខ្វះបាន ហើយទឹកដើរតួក្នុងការរស់រានមានជីវិត និងការផ្គត់ផ្គង់នៃមជ្ឈមណ្ឌលទីក្រុងទាំងនេះ ។ ប្រភពទឹកទាំងនោះបានផ្តល់អត្ថប្រយោជន៍ផ្សេងៗសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ តាម រយៈការផ្តល់ទីជម្រក អាហារ (ត្រី សាច់ បន្លែ) ឱសថបុរាណ មធ្យោបាយធ្វើដំណើរ និងទីកន្លែងប្រវត្តិសាស្ត្រដែលមានតម្លៃវប្បធម៌ និងទេសចរណ៍ ។ លោកអភិបាលរងខេត្ត បានបន្តទៀតថា បឹងទន្លេសាប ដែលជាតំបន់បម្រុងជីវមណ្ឌលពិភពលោករបស់អង្គការយូណេស្កូ ផ្ទុកសត្វក្នុងទឹក និងសត្វព្រៃលើដីជាច្រើនប្រភេទ ដោយផ្តល់ចំណី និងកន្លែងចិញ្ចឹមសត្វស្លាបទឹកជាច្រើន ។ លក្ខខណ្ឌជីវភូមិសាស្ត្រនៃបឹងទន្លេសាបមានសារសំខាន់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាទេសភាព បរិស្ថាន ដែលមានគុណភាពខ្ពស់ ជម្រុញទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅយូរអង្វែងរបស់សហគមន៍មូលដ្ឋានពេញមួយសតវត្ស។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Pinsak Suraswadi អគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និង ឆ្នេរ សមុទ្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រទេសថៃ តាមរយៈប្រព័ន្ធអនឡាញរួចមក ឯកឧត្តម Kjell Tormod Pettersen ឯកអគ្គរដ្ឋទូតន័រវេសប្រចាំអាស៊ាន ក៏បានលើកឡើង អំពីចំណោទបញ្ហាបរិស្ថាន នៅលើពិភពលោក បានធ្វើឲ្យមានការបម្រែបម្រួលអាកាសធាតុ និង ការបំពុលបរិយាកាស នៅក្នុងតំបន់ ធ្វើប្រទេសមួយចំនួនទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុ ។ ឯកឧត្តមបានលើកឡើងពីផលប៉ះពាល់ នៃថង់ប្លាស្ទិក បានបំពុលដល់បរិស្ថាននៅលើភពផែនដី សំខាន់នៅលើដី ក្នុងដី ក្នុងទឹក គឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក សំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយនោះទេ ។
មានប្រសាសន៍នោះដែរ ឯកឧត្តម សាន វណ្ណធី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថាន ការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ។ ឯកឧត្តមបានបន្តទៀតថា សំណល់ប្លាស្ទិក បានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និង ការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង ការខ្វះខាតចំណេះដឹងក្នុងការញែកសម្រាម ។ ឯកឧត្តម បានបញ្ជាក់ពីជំហរ ក្នុងការជួយដល់ រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ ប្លាស្ពីក ដែលជាកម្លាំងរួម និងទាមទារពេលវេលា ក្នុងការកើតបន្ថយ។ កាកសំណល់ប្លាស្ទីករាប់លានតោន ដែល ក្នុងមួយឆ្នាំ ហូរចូលទៅក្នុងសមុទ្រ ពីទន្លេ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធ អេកូឡូស៊ី សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋ ដែលអាស្រ័យផល ពីទន្លេមេគង្គនេះ។ ការបំពុលដោយ ថង់ប្លាស្ទីក នៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថាន ដ៏សែនស្មុគស្មាញ ដែលទាមទារឱ្យមានការ ដោះស្រាយរួមគ្នា និងមានការចូលរួម ពីក្រុមមជ្ឈដ្ឋាន តាំងពីថ្នាក់ជាតិ អន្តរជាតិ ផងដែរ ។ ឯកឧត្តមបន្តទៀតថា វិបត្តិប្លាស្ទិក តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រិះរកអ្វីដែលត្រូវធ្វើផ្សេងពីមុន ដើម្បីបង្កើតនូវសេដ្ឋកិច្ចវិលជុំ ដែលបរិមាណសំណល់ស្មើសូន្យ ។ គម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដែលជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាកិច្ចសហការជាសកល លើការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយកង្វល់បរិស្ថានដែលកំពុងកើតមានជាសកលផ្សេងទៀត ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *