សៀមរាប៖ បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ដោយប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ប្រតិភូជប៉ុន ដឹកនាំឯកឧត្តម SERIZAWA Kiyoshi អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ នៅសណ្ឋាគារ ប៉ារ៉ាឌី អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទីទី ០១ ខែ មីនា ឆ្នាំ២០២៤។
ក្នុងកិច្ចបើកការសន្ទនានាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ បានគូស បញ្ជាក់ និង រំលេចនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំថ្ងៃនេះ ដែលកើតឡើងក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ូមីអូ គឺស៊ីដា កាលពីខែធ្នូ កន្លងទៅថ្មីៗនេះ ។ ក្នុងការរៀបចំឱ្យមានកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា-ជប៉ុន ក៏ជាជំហានដ៏សំខាន់មួយ នៅក្នុងការលើកកម្រិត នៃកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ រវាងប្រទេសទាំងពីរ តាមរយៈវេទិកាសន្ទនាថ្នាក់យុទ្ធសាស្ត្រ បន្ថែមពីលើយន្តការដែលមានស្រាប់ មាន ដូចជាយន្តការ PM និងយន្តការ MM ជាដើម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា ទន្ទឹមនឹងនេះ កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន នឹងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា ផ្លាស់ប្ដូរបទពិសោធ និង ជាយន្តការកសាងគោលនយោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទូលំទូលាយទ្វេឡើងទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងក្រសួង ការពារជាតិនៃប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ,ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការដោះមីន សន្តិសុខក្នុងតំបន់។ល។និង។ល។ លើសពីនេះទៀត យើងក៏មានឱកាសបានផ្លាស់ប្ដូរយោបល់គ្នា អំពីការវិវត្តនៃសភាពការណ៍ សន្តិសុខ និងសភាពការណ៍យោធា នៅក្នុងតំបន់ ផងដែរ ។ ថ្វីដ្បិតតែពេលនេះ គឺជាលើកដំបូងនៃកិច្ចសន្ទនាក៏ដោយ ក្នុងនាមក្រសួងការពារជាតិកម្ពុជា មានជំនឿថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅថ្ងៃនេះ នឹង ទទួលបានលទ្ធផលជាវិជ្ជមាន និងប្រកបដោយផ្លែផ្កា ជាពុំខាន ។ ក្នុងនោះឯកឧត្តម និងសហការី ត្រៀមខ្លួនធ្វើការពិភាក្សាជាមួយ នឹងឯកឧត្តម ព្រមទាំងសហការី ក្រោមបរិយាកាសមិត្តភាព ស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ក្នុង៥០ឆ្នាំកន្លងមក និង បានឯកភាពគ្នាប្រជុំបែបនេះ១ឆ្នាំម្ដង ដោយប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ ។
ឯកឧត្តម SERIZAWA Kiyoshi បានលើកឡើងថា ក្នុងកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន លើកទី១ ក្នុងពេលនេះ ពិតជាមានការពេញចិត្ត និង ការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អនុរដ្ឋមន្ត្រី និង ប្រតិភូទាំងអស់ ក្នុងការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ និងលទ្ធផលជាផ្លែផ្កា ។ ឯកឧត្តមមានជំនឿថា ការផ្លាស់ប្ដូរមតិ យោបល់ទៅវិញទៅមក ដោយស្មោះត្រង់ គឺជាកម្លាំងជំរុញដ៏សំខាន់ នៅក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិ ការយោធា រវាងប្រទេសយើងទាំងពីរ ។ ជាមួយនេះដែរ លទ្ធផលប្រកបដោយផលិតភាព នៃកិច្ចសន្ទនាថ្ងៃនេះ នឹង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តកាន់តែមានប្រសិទ្ធភាព នូវផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ក្នុង គោលបំណងធ្វើឱ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និង ជប៉ុន កាន់តែចម្រើន រុងរឿង បម្រើផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកនៅក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់ ។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា កិច្ចសន្ទនា SOD លើកទី២ ដែលអាចធ្វើនៅប្រទេសជប៉ុន និងកិច្ចសន្ទនា SOD ជាបន្តបន្ទាប់ នៅថ្ងៃអនាគត នឹងនាំមកនូវសមិទ្ធផល ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការយោធា រវាងកម្ពុជា និងជប៉ុន។ ឯកឧត្តមនឹងរង់ចាំជួបពិភាក្សាជាមួយឯកឧត្ដម និងសហការី នៅក្នុងកិច្ចសន្ទនា SOD លើកក្រោយទៀត ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប