អបអរសាទរ ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ នៅខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរ សុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងដង្ហែពានជ័យលាភីនៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប ។ ពិធីនេះបានធ្វើឡើងនៅ សាលាគរុកោសល្យ និង វិក្រឹតការខេត្ត ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ម៉ន នីរងី្ស អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ។
លោកជំទាវ ម៉ន នីរងី្ស បានថ្លែងឱ្យដឹងថា ដើម្បីបន្តជំរុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់កាលទី១ នៃ យុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាល ដើម្បីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដាទី១.លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២.ការបង្រៀននិងរៀន ស្តង់ដាទី៣.ការចូលរួមរបស់សហគមន៍ ស្ដង់ដាទី៤.ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន ។ ក្នុងនោះលោកជំទាវអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល មានគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃមានចំនួន៨ស្តង់ដាគឺ១.ស្ដង់ដាសេវាសាធារណៈ ២.ស្ដង់ដា ឬ និយាមនៃការផ្ដល់សេវាសាធារណៈរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុង អង្គភាព ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អ បរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំង ការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយ ប្រជាពលរដ្ឋ និងសហគមន៍ និង៨. ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ជាលទ្ធផលនៃការប្រកួតប្រជែង និង ឆ្លងការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេស អន្តរក្រសួងនៃ(គ.វ.ជ) សម្រាប់ខេត្តសៀមរាប អង្គភាពដែលទទួលបានជ័យលាភីចំនួន៤អង្គភាព ១.អនុវិទ្យាល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ) , ២.មណ្ឌលសុខភាព គោកចក (ចំណាត់ថ្នាក់លេខ២) , ៣. សាលាបឋមសិក្សា វត្តបូព៌ (ចំណាត់ថ្នាក់លេខ៣ ) និងទី៤ សាលាបឋមសិក្សាក្រវ៉ាន់ (ចំណាត់ថ្នាក់លេខ៦) ។ លោកជំទាវ ម៉ន នីរងី្ស ក៏បានចាត់ទុកថា នេះ គឺជាទិវាប្រកបដោយអត្ថន័យជ្រាលជ្រៅ និងមានកិត្តិយសដ៏ថ្លៃថ្លា ដែលរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានអំណរសាទរក្រៃលែង ដែលបានរៀបចំពិធីអបអរសាទរពិធីដង្ហែជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ ។ ការទទួលស្គាល់ជ័យលាភីរបស់ អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី

ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅថ្មីៗនេះ នៅសាលមហោស្រពមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ លោកជំទាវបានបន្តទៀតថា ការបង្កើនភាពទុកចិត្តចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវិធីអាហាររូបត្ថម្ភដល់កុមារ និងការពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយការជំរុញលើកទឹកចិត្តដល់ មាតាបិតា អាណាព្យាបាល សហគមន៍និងការចូលរួមការអប់រំសិស្ស ។ ដើម្បីបន្តជំរុញលើកំណែទម្រង់លើកកម្ពស់លើការសិក្សារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និង ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤បន្តទៀត ។ លោកជំទាវបានបញ្ជាក់ថា ការមានបញ្ហាថ្នាំងថ្នាក់ក្នុងការបម្រើសេវាពីប្រជាពលរដ្ឋ ត្រូវដោះស្រាយដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ពន្យល់ហេតុផល និងអាចទទួលយកបាន គឺ ត្រូវមានគំនិតផ្តួចផ្តើមថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរកាន់តែល្អប្រសើរជាងមុន ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *