វត្តស្វាយរមៀតប្រារព្ធធ្វើ ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ទៅតាមប្រពៃណីព្រះពុទ្ធសាសនា

ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ  ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាមហានទីរតនារាម(ហៅវត្តស្វាយរមៀត)ដែលស្ថិតនៅភូមិបន្ទាយឈើក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា  ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យដោយពិធីបុណ្យនោះដែរគឺបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តបារាយ- មហានទីរតនារាម ហៅវត្តស្វាយរមៀតបានមានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកគឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលផ្នែកការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោលគឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានបន្តថា ជាតកគឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគគេន្ទ្របរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និង គ្រឹះស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមេទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផងដែរ។ ចិត្តសទ្ធាបំពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅចេតុត្តរនគររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។ ក្នុងនោះដែរព្រះគ្រូចៅអធិការវត្តស្វាយរមៀតក៍បានមានសង្ឃដីកាបន្ថែមទៀតថា ការប្រារព្ធបុណ្យទេសនាព្រះមហាវេស្សន្តរជាតកនេះផងដែរក៍ដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ត័ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះ និង ការពារជាតិមាតុភូមិ និង ជនរួមជាតិដែលបានស្លាប់ទៅ ដោយភាពអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបុព្វការីជន ញាតិមិត្ត ដែលបានចែកថា រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។  ម៉្យាងទៀតក្នុងពិធីនេះ ដែលមានបងប្អូន ញាតិញោមជិតឆ្ងាយដែលបានចូលរួម សូមអនុមោទនាក្នុងពិធីបុណ្យទេសនាមហា វេស្សន្ដរជាតក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *