សៀមរាប៖ ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យលើកទី៨ ដែលប្រារព្ធធ្វើនៅបរិវេណដីនៅមុខសាលាខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោក ស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក ចៅសង្កាត់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ក្រុមយុវជនកាយរិទ្ធកម្ពុជា លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និង ប្រជាពលរដ្ឋផងដែរ នៅព្រឹកទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងនគរបាលខេត្តទទួលបន្ទុក ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យនិង សង្រ្គោះបានបញ្ជាក់ថា តាមរបាយការណ៍គ្រោះថ្នាក់អគ្គីភ័យក្នុងឆ្នាំ២០២៣ បានកើតឡើង៥៣លើក ឆេះផ្ទះអស់ ៣១ខ្នង និង ស្លាប់មនុស្សម្នាក់ របួសស្រាល ៤នាក់ ដោយប្រើប្រាស់ទឹកអស់ ១០៧រថយន្ត និង បំពង់ ពន្លត់អគ្គីភ័យ ១២បំពង់ ក្នុងនោះក៏មានករណីអគ្គីភ័យនៅតាមបណ្តាក្រុង ស្រុកទាំង១២ផងដែរ ។
មានប្រសាសន៍ក្នុងទិវានេះលោក ពិន ប្រាកដ ក៏បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការសំខាន់ៗមួយចំនួន គឺ ១.ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្ដ្របង្ការ និងពន្លត់អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនៅតាមសហគមន៍ សាលារៀន គ្រឹះ ស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ ដូចជាក្រុងបាវិតជាដើម ។ ២.ត្រូវចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា ។ ៣.ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឱ្យបានគ្រប់គ្រាន់ ។ ៤.ត្រូវផ្សព្វ ផ្សាយជាសាធារណៈនូវលេខទូរសព្ទប្រចាំការ ដើម្បីសាធារណជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ ។ ៥.ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឱ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ។ ៦.គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង ។ ៧.នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឱ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឱ្យអស់លទ្ធភាព ។ ៨.មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ ។ ៩.អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឱ្យមានរៀបចំរក្សាផ្លូវដើម្បីឱ្យរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ហើយករណីនេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឱ្យបានត្រឹមត្រូវ ។ ១០.ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញរបស់យើង ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឱ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រីកពង្រាយតភ្ជាប់បំពង់ទុយោទឹកមេ នៅតាមផ្លូវសំខាន់ៗក្នុងក្រុង ក៏ដូចតាម បណ្តាស្រុក ក៏ត្រូវកំណត់ទីប្រភពទឹកក្នុងពេលរថយន្តពន្លត់អគ្គីភ័យ ចុះជួយធ្វើអន្តរាគមន៍នៅពេលមានហេតុការណ៍កើតឡើង ឱ្យបានទាន់វេលា ។ កត្តាទាំងនេះ គឺសំដៅរក្សាបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន អំពី គ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋ អ្នកវិនិយោគិន គ្មានការព្រួយបារម្ភ កង្វល់អំពីគ្រោះថ្នាក់អគ្គីភ័យ និង ពួកគាត់ស្ម័គ្រចិត្តសកម្មភាពចូលរួមប្រាស្រ័យជាមួយកម្លាំងសមត្ថកិច្ច បង្ការទប់ស្កាត់ កុំឲ្យកើតមានអគ្គភ័យ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប