ក្រុមការងារឯកទេសផលិតផលហាឡាលចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន(KFC) ក្នុងខេត្តសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង ឯកឧត្តម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកឯកទេសហាឡាលកម្ពុជា បានដឹកនាំក្រុមការងារឯកទេសផលិតផលហាឡាល ចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន (ទឹកបរិសុទ្ធអ៊ីលែន) ដែលស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន( អាហារដ្ឋានKFC) នៅក្នុងក្រុងសៀមរាប ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ឱ្យដឹងថាការចុះពិនិត្យ ការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រមហ៊ុនទឹកបរិសុទ្ធអ៊ីលែននិងអាហារដ្ឋានKFC នាពេលនេះគឺមានគោលបំណង ដើម្បីពន្យល់និងណែនាំឱ្យបានស្វែងយល់ពីកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងការប្រើប្រាស់ស្លាកសញ្ញាហាឡាលឱ្យបានត្រឹមត្រូវ និង ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា និងយន្តការអនុវត្តច្បាប់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ទៅតាមស្ដង់ដារផលិតផលហាឡាលកម្ពុជាបានត្រឹមត្រូវ ព្រមទាំងឱ្យបានស្វែងយល់ពីកិច្ចការហាឡាល និងស្គាល់ពីស្លាកសញ្ញាហាឡាលកម្ពុជា ដើម្បីទទួលបាននូវផលិតផលហាឡាលនិងសេវាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា នាយកដ្ឋានកិច្ចការហាទ្បាល ជានាយកដ្ឋានថ្មីដែលទើបតែបង្កើតទ្បើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក សី្តពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ នាយកដ្ឋាន កិច្ចការហាទ្បាល មានរចនាសម្ព័ន្ធស្ថិតនៅក្រោម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប )នៃក្រសួងពាណិជ្ជកម្ម។ ហើយចំពោះការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មតែមួយគត់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *