សៀមរាប៖ ឆ្លងកាត់តាមព្រឹត្តិការណ៍ថ្មីក្នុងរយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ គ្រប់គណបក្សនយោបាយ ដែលធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ដែលប្រព្រឹត្តទៅតាមការបរិច្ឆេតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងនៅវិទ្យាល័យអង្គរ ខេត្តសៀមរាប មានពីរការិយាល័យបោះឆ្នោត មណ្ឌលខេត្តសៀមរាប នៃភូមិភាគទី៤ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិកសមាជិកាតំណាងរាស្ត្រ និង សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ទើបអាចមានសិទ្ធបោះឆ្នោតបាន ។ ដោយឡែកសម្រាប់ឯកសារដែលប្រើប្រាស់បោះឆ្នោតអសកលនេះ ដោយមានប័ណ្ណសម្គាល់ខ្លួនជាសមាជិករដ្ឋសភា និង ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ។
តាមការបញ្ជាក់របស់លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលខេត្តសៀមរាប មានគណបក្សនយោបាយឈរឈ្មោះចំនួន៤ ដែលមានអង្គបោះឆ្នោតសរុប ៦៧៤នាក់ ក្នុងនោះអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៦៦៨នាក់ និងសមាជិករដ្ឋសភាចំនួន ៦នាក់ ។ នៅមណ្ឌលបោះឆ្នោតខេត្តសៀមរាប មានការិយាល័យបោះឆ្នោតចំនួន ២ការិយាល័យ គឺ ការិយាល័យលេខ ៤០០៤ , ការិយាល័យលេខ ៤០០៥ ដោយខេត្តសៀមរាប ស្ថិតក្នុងភូមិភាគទី៤ ។ ក្នុងកិច្ចដំណើរការបោះឆ្នោតនេះដែរ បានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង១៥រសៀល និងចាប់ផ្តើមធ្វើការរាប់សន្លឹកឆ្នោត ។ ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មារយៈពេល៦ឆ្នាំម្ដង ប្លែកពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានអាណត្តិ ៥ឆ្នាំម្ដង និង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ ។ លោកបាន ពន្យល់អំពីនីតិវិធីនៃការបោះឆ្នោត គឺមាន៤ដំណាក់កាល ស្រដៀងៗគ្នា ហើយការបោះឆ្នោតសកល ការចុះឈ្មោះទៅក្នុង បញ្ជីឈ្មោះនៃការបោះឆ្នោត គឺធ្វើឡើងសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលគ្រប់អាយុបោះឆ្នោត ។ តែសម្រាប់ការបោះឆ្នោត អសកលនេះវិញ គឺការស្រង់ និងចុះឈ្មោះមានដូចគ្នា តែស្រង់និងចុះឈ្មោះតែសមាជិករដ្ឋសភា និង ក្រុមប្រឹក្សាឃុំ សង្កាត់ មាននៅក្នុងមុខតំណែងតែប៉ុណ្ណោះ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គឺធ្វើជា ៨ភូមិភាគ ដែលមាន ខេត្ត សៀមរាបជាភូមិភាគទី៤ មាន ១០អសនៈនិង បានចែកតាមខេត្ត ទៅតាមចំនួនតិច ឬ ច្រើន ។ លោក នឹម វ៉ាន់សំ បានគូសបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ខុសប្លែកពីអាណត្តិមុនៗ ដែលមានគណបក្សនយោបាយ៤ បានចុះឈ្មោះឈរឈ្មោះបោះឆ្នោត តែក្នុងនោះមានគណបក្សមួយមានឈ្មោះឈរបោះឆ្នោត តែគ្មានអង្គបោះឆ្នោត តែដោយ គណបក្សគ្មានឈរឈ្មោះបោះឆ្នោត គឺមានអង្គបោះឆ្នោត តែព្រឹត្តិការណ៍បោះឆ្នោតនេះបានដំណើរការដោយរលូន ដោយក្នុងការិយាល័យនិមួយៗ ក៏មានអ្នកអង្កេតការណ៍មកពីគ្រប់គណបក្សនយោបាយផងដែរ ។ លោកបានបន្តទៀតថា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអំពាវនាវដល់បេក្ខជន ដែលមានឈ្មោះបោះឆ្នោត ត្រូវគោរពទៅតាមនីតិវិធី នៃការបោះឆ្នោត និង អនុវត្ត តាមការបង្ហាញ ប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោត ដែលបានកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល ការិយាល័យ ដោយមិនឱ្យប្រើប្រាស់នូវ ទូរស័ព្ទម៉ាស៊ីនថត គ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត លើកលែងតែក្រុមអ្នកសារព័ត៌មាន ដែលមានប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយតែប៉ុណ្ណោះ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប