គម្រោងរៀបចំតុក្កតាយក្ស បានចាប់បង្កើតឡើងនៅខេត្តសៀមរាប នាឆ្នាំ ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម ។ កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំរហូតដល់ ២០១៨ និង ត្រូវបានផ្អាក ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១ ។ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានមានភាពប្រសើរឡើងវិញ ក្រុមការងារក៏បានចាប់ផ្តើម ធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជា មួយ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែ នៅផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងនៅឆ្នាំ២០២៣ ចាប់ផ្តើមដម្លើងនិងដង្ហែនៅក្រុងសៀមរាបវិញ ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗ មកអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន សត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ វិស័យអប់រំជូនសាធារណជនឱ្យកាន់តែទូលំទូលាយកន្លងមក ។ ដោយឡែក ប្រធានបទសម្រាប់ឆ្នាំ ២០២៤ គឺយើងនឹងបង្កើតដាយណូស័រ ទាំងអស់ដោយមានការចូលរួមសិក្ខាសាលាដោយក្មេងៗ ប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ និង ឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ចំនួន១៩អង្គការ។ ដាយណូស័រជាពូជភាវៈរស់រាប់លានឆ្នាំមុន សត្វលោកសព្វថ្ងៃកើតមាន ហើយជាសត្វដែលធ្វើឱ្យក្មេងៗស្រលាញ់ និងរីករាយជាមួយការដំឡើងតុក្កតាយក្សទាំងនេះ ។
នៅល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្ស យើងបានសង្កេតឃើញមានភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញមកទស្សនាតាមដងវិថីយ៉ាងច្រើនកុះករ ក្នុងឱកាសនោះក៏មានវត្តមាន របស់ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី ទៀ សីហា និង ក្រុមគ្រួសារ អញ្ជើញទស្សនា ក្នុងពិធីដង្ហែតុក្កតាយក្ស ឆ្នាំ២០២៤នេះផងដែរ ។
តាមការបញ្ជាក់របស់លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅ ក្នុងគម្រោងតុកតាយក្ស បានបញ្ជាក់ឱ្យដឹង ថា នេះជាឆ្នាំទី១៣ហើយ ក្នុងការដង្ហែតុក្កតាយក្សនៅលើទឹកដី ប្រវត្តិសាស្ត្រសៀមរាប.អង្គរ ហើយក្នុង ឆ្នាំ២០២៤នេះ ដោយបានលើកនូវប្រធានបទ ដាយណូស័រ ដែលជាអំបូរសត្វបានផុតពូជពីភពផែនដីយើង ហើយក៏ត្រូវបានក្រុមការងារយើង ធ្វើការរំលឹកឡើងវិញនូវរាល់អំបូរសត្វដាយណូស័រជាពូជភាវៈរស់រាប់លានឆ្នាំមុន សត្វលោកសព្វថ្ងៃកើតមាន ក្នុងគោលបំណងបង្ហាញដល់ក្មេងៗជំនាន់ក្រោយបានស្គាល់អំបូរសត្វទាំងនេះ ។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍នៃក្បួនដង្ហែតុក្កតាយក្សនៅក្នុងខេត្តសៀមរាប មានភ្ញៀវជាតិ អន្តរជាតិចូលរួមច្រើន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមក ទស្សនានៅខេត្តសៀមរាប ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍បានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៍ពិភពលោកបានស្គាល់បានឃើញយ៉ាងពិតប្រាកដ។ លោកបានបញ្ជាក់ផងដែរថា ការរៀបចំធ្វើតុក្កតាយក្សនេះ មានប្អូនៗជាសមាជិកសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស យុវជនស្ម័គ្រចិត្តប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ និង ឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ចំនួន១៩អង្គការទៀតផង។ ក្នុងការធ្វើ រូបតុក្កតាយក្សក្នុងឆ្នាំ២០២៤នេះ មានប្រភេទដាយណូស័រ ថីរ៉ានូស័ររើសរិខ( Tyrannosaurus Rex) , ស្តែកកេស័ររើស ( Stegosaurus ) ,ត្រៃសេរេថប់ស៍(Triceratops ),ធារេដាថុល (Pteradactyl) ,អ៊ីខេឡូ ស័ររើស( Ankylosaurus) ,ប៉ារ៉ាស័ររូឡូប ផើស (Parasaurolophus) ,អ៊ីឡាមូ ស័ររើស (Elasmosaurus) ,ឌីឡូហ្វូ ស័ររើស ( Dilophosaurus ) និង ប្រោនតុន ស័ររើស (Brontosaurus) ដែលត្រូវបានដង្ហែបង្ហាញដល់បងប្អូនទស្សនិកជនបានទស្សនាកម្សាន្ត និង សិក្សាស្វែងយល់ អំពីអំបូរសត្វ ដែលបានផុតពូជទាំងនេះ ។
ក្នុងដង្ហែតុក្តាយក្សនេះ បានធ្វើការដង្ហែទៅតាមដងវិថីក្នុងក្រុង តាមបណ្តោយដងស្ទឹងសៀមរាប ដោយមានការប្រគំ តន្ត្រី ក្រុមភ្លេងសិស្សសាលាវត្តបូព៌ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមរបាំត្រុដិក្រុមភ្លេងបុរាណ ,ការសម្តែងសៀក បានឆ្ពោះយកមកដាក់តាំងនៅទីសួនព្រះរាជដំណាក់ ជូនដល់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិទស្សនាកម្សាន្តផងដែរ។
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប