សៀមរាប៖ កាលពីចុងសប្តាហ៍ រសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅក្រុមហ៊ុន សិប្បករអង្គរ (អាទីសង់អង្គរ) ខេត្តសៀមរាប បានធ្វើការនិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រហ្ម សុំនូវសេចក្តីសុខ ក្នុងកាសបើកហាងថ្មី របស់ ក្រុមហ៊ុនសិប្បករអង្គរ (អាទីសង់អង្គរ) ឡើងវិញ ក្រោយបានអាក់ខានក្នុងរយៈពេលជួបនូវវិបត្តិជំងឺកូវីដ១៩ ។ ក្នុងពិធីនោះដែរ ដោយមានវត្តមានចូលរួមពីលោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បកម្មអង្គរ និង បុគ្គលិក សិប្បករ និង បងប្អូនជាប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកដឹកជញ្ជូនភ្ញៀវទេសចរចូលរួមផងដែរ ។
ក្នុងកិច្ចសម្ភាសជាមួយលោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បកម្មអង្គរ បានគូសបញ្ជាក់ថា សិប្បករអង្គរ ត្រូវបានបង្កើតឡើងរយៈពេល២៥ឆ្នាំមកហើយ គឺជាក្រុមហ៊ុនដែលមានលក្ខណៈសង្គម ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានវិវត្តចេញពីគម្រោងអប់រំមួយឈ្មោះថា ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និង រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និង កម្មវិធី របស់សហគមន៍អឺរ៉ុប ដែលផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ និងផ្តល់ការងារដល់សិប្បករ ដែលបានទទួលការបណ្តុះបណ្តាលនឹងហ្វឹកហាត់រួច ។ ម៉្យាងវិញទៀត សិប្បករអង្គរ បានទ្រទ្រង់ និង ថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ និង សិប្បកម្ម បុរាណរបស់ប្រទេសកម្ពុជា និង មានឥទ្ធិពលជាវិជ្ជាមានដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាលមូលដ្ឋានទៀតផង ។ លោកក៏បានបន្តទៀតថា នេះជាការជួបជុំគ្នាមួយនៃមហាគ្រួសារ ក្រុមហ៊ុនសប្បករអង្គរ ក្រោយពេលជំងឺកូវីដ១៩ បាន សាបសូន្យទៅ បានធ្វើឱ្យក្រុមហ៊ុន ធ្វើការប្រមូលផ្តុំដល់បុគ្គលិកបម្រើការងារ និង ក្រុមសិប្បករ ទាំងជំនាញចម្លាក់ឈើ ,ចម្លាក់ថ្ម , ស្ពាន និង ផ្នែកតម្បាញសូទ្រជាដើម ។ លោក កាយ ឡូត ក៏បានលើកពីគោលដៅចម្បងរបស់ក្រុមហ៊ុន ក្នុង ការបង្កើតនឹងផ្តល់ការងារដល់យុវជននឹងយុវនារីខ្មែរ និង ចូលរួមលើកស្ទួយ និងផ្សព្វផ្សាយកេរ្តិ៍ដំណែលវប្បធម៌និងសិល្បៈខ្មែរ តាមរយៈការរចនា កែច្នៃប្រឌិត ផលិត និង លក់វត្ថុសិល្បៈផលិតថ្មី និង អភិវឌ្ឍក្រុមហ៊ុនឱ្យក្លាយជាគោលដៅទេសចរណ៍មួយ ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាប ។ លោកក៏បានបញ្ជាក់ផងដែរ នាឆ្នាំ២០២០ ក្រុមហ៊ុនបានរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ សំខាន់បងប្អូនប្រតិបត្តិករ និង អ្នកបម្រើក្នុងវិស័យទេសចរណ៍ ។ បន្ទាប់វិស័យទេសចរណ៍កំពុងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដែលជាសញ្ញាវិជ្ជមាន ប្រាប់ថា ក្រុមហ៊ុនសិប្បករអង្គរ ដល់ពេលត្រូវបន្តបេសកកម្មរបស់ខ្លួន។ ជាលទ្ធផលជាក់ស្តែង បន្ទាប់ពីបើក ដំណើរការឡើងវិញជាផ្លូវការនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនសិប្បករអង្គរ បានស្ថាបនាហាងសៀមរាបថ្មី ដែលត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ។ នេះជាការបង្ហាញឱ្យឃើញពី ការបោះជំហានដ៏ធំដំបូង នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ។ ម៉្យាងទៀត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមហ៊ុនមានសិប្បករ និយោជិតចំនួន២៥០នាក់ ក្នុងគោលដៅអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ចំនួន ៤ ដែលត្រូវសម្រេចនៅក្នុងឆ្នាំ ២០២៤ ដោយបើកដំណើរការ ហាងពួកឡើងវិញ ព្រមទាំងរៀបចំកែលម្អសោភ័ណ្ឌភាពទីតាំងហាង និង ជ្រើសរើសសិប្បករនិយោជិត ១៥០នាក់បន្ថែម និង ធ្វើការបណ្តុះបណ្តាល បន្តទៀតផង ។ លោកបន្តទៀតថា ក្រុមហ៊ុនពេលបច្ចុប្បន្ននេះ ត្រូវការជាចាំបាច់ នូវកិច្ចគាំទ្រនិងសហការពីសំណាក់ដៃគូនានា ទាំង រដ្ឋ និងវិស័យឯកជន ជាពិសេស បងប្អូនដែលជាប្រតិបត្តិករទេសចរណ៍ ,សណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ និង ផ្នែកដឹកជញ្ជូនភ្ញៀវ ទេសចរណ៍ជាដើម ។ កត្តាសំខាន់នោះ លើការថែរក្សាកេរ្តិ៍ដំណែលវប្បធម៌និងសិល្បៈ ផ្នែកសិប្បកម្មចម្លាក់ និងតម្បាញសូត្រ ដែលជាមរតកដូនតា ដ៏មានតម្លៃ ព្រមទាំងបានចូលរួមជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌និងសិល្បៈខ្មែរទៅក្នុងឆាកអន្តរជាតិ តាមរយៈការនាំភ្ញៀវអន្តរជាតិមកទស្សនាក្រុមហ៊ុនសិប្បករអង្គរទៀតផង៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប