ពោធិ៍សាត់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយបិទប្រកាសជាសាធារណៈអំពីទិន្នន័យក្បាលដីរយៈពេល១៥ថ្ងៃទាំងដីលំនៅឋាននិងទាំងដីកសិកម្ម ស្ថិតក្នុងភូមិខ្សាច់ល្អិតនិងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ស្រុកក្រគរខេត្តពោធិ៍សាត់ ដើម្បីមកពិនិត្យ ផ្ទៀងផ្ទាត់បញ្ជីឈ្មោះ រូបរៀងដីដើម្បី កែតម្រូវនិងធ្វើការតវាមុនចេញប័ណ្ណ។
ពិធីនេះបានការចូលរួមពីលោកចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេ្តលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោក គឺ គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធមន្ត្រីក្រុមការងារវាស់វែងអាជ្ញាធរឃុំភូមិនិងប្រជាពលរដ្ឋជាង៤០០នាក់ដែលបានប្រារព្ធធ្វើនៅវត្តឯកគន្ធា។
លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបានឱ្យដឹងថា ភូមិទាំង២ដែលមន្ត្រីជំនាញបានចុះវាស់វែងនិងប្រមូលទិន្ន័យហើយត្រូវបានធ្វើពិធីបិទប្រកាសផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃជាភូមិចាប់ ផ្តើមដំបូងនៃឃុំអន្សាចំបក់ដែលមាន៧ភូមិនាពេលនេះមានចំនួនចំនួន៣៩៤០,៦១ហិកតាស្មើនឹង៣,៦២៨ក្បាលដីក្នុងនោះលំនៅឋានចំនួន៧៧៤ក្បាលដី កសិកម្មចំនួន ២៥០៩ក្បាលដីនិងម្ចាស់មិនមកបំពេញទិន្នន័យចំនួន៣០០ក្បាលដីក្រៅពីវត្តដីសាលារៀន ដីទួល និងដីព្រៃ ដែលមានប្រជាពលរដ្ឋចំនួន៨៥៥គ្រួសារ។
តាមរយៈនៃការប្រជុំបិទប្រកាសផ្សាយជាសាធារណៈនេះក្នុងនាមមន្ទីរជំនាញក៏ដូចអាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងនៅក្នុងភូមិខ្សាខ់ល្អិតនិងភូមិអារ៉ងព្រួចក្តីនិងនៅទីកន្លែងផ្សេងៗក្តី សូមអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរៀងដីរបស់ខ្លួននៅលើសន្លឹកផែនទី ឱ្យបានគ្រប់ៗគ្នានិងត្រឹមត្រូវច្បាស់លាស់ព្រមទាំងធ្វើការតវាដើម្បីឱ្យក្រុមការងារធ្វើការកែតម្រូវឡើងវិញ។
នៅក្នុងការពិនិត្យនោះដែរលោក សូមភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាពិហ៍ពិពាហ៍និងឯកសារ ផ្សេងៗទៀតរួចហើយម្ចាស់ទ្រព្យត្រូវផ្តិតមេដៃនៅចំពោះមុខមន្ត្រីប្រចាំការចាត់ទុកជាផ្លូវការ និងឈានទៅទទួលបានបណ័្ណកម្មសិទ្ធិស្របច្បាប់នាពេលខាងមុខ។
លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តបានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តនិងអ្នកស័្មគ្រចិត្ត ដែលបានចុះមកវាស់វែងនិងប្រមូលទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋទាំង២ភូមិក្នុងឃុំអន្សាចំបក់មានភាពសស្រាក់សស្រាំដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យបងប្អូនទទួលនូវបណ្ណ័កម្មសិទ្ធិមានភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រងប្រកបដោយតម្លាភាព ។
លោកបានលើកឡើងថា ការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋទាំង២ភូមិគឺអនុវត្តទៅតាមអនុក្រឹត្យលេខ៤៦អនក្រចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០០២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសេនាធិការ ប្រយោជន៍ឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ច្បាស់លាស់ គ្មានការភ័យខ្លាចពីការបាត់បង់ដីធ្លី និងកាត់បន្ថយទំនាស់។
លោកបានលើកបញ្ជាក់ថា នាសម័យបច្ចុប្បន្ននេះ វិស័យដីធ្លីនិងសំណង់បាននឹងកំពុងដើរតួយ៉ាងសំខាន់ដើមបីបានចេញនូវវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដល់ប្រជាពលរដ្ឋដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលាមិនត្រូវបង្កភាពស្មុកស្មាញនោះឡើយនេះគឺជាការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានពន្លឿនក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទូទាំងប្រទេសឈានទៅបញ្ចប់នៅក្នុងឆ្នាំ២០២៥។
ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្ត លោកសូមឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានជាពិសេសបងប្អូនប្រជាពលរដ្ឋបន្តការយកចិត្តទុកដាក់អនុវត្តការងារនិងចូលរួមសហការជាប់ជាប្រចាំសំដៅធ្វើយ៉ាងណាឱ្យកិច្ចដំណើរការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធកាន់តែមានទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ៕