នៅព្រឹកថ្ងៃទី០៨ ខែ កុម្ភះ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត បញ្ហា គំនូសចរាចរណ៍តាមផ្លូវក្នុងក្រុង និងផ្លូវជាតិ ,ករណីការបម្រើសេវាច្រកចេញចូលតែមួយមានភាពយឺតយ៉ាវ លើវិស័យសំណង់ សុរិយោដី , ,បញ្ហាការគ្រប់គ្រងផ្សារឃ្យុងយូរ , ការចេញប័ណ្ណសម្គាល់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៧បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងបានអនុម័តទៅលើខ្លឹមសារកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត និង ប្រតិទិនរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៥.២០២៧របស់រដ្ឋបាលខេត្ត ព្រមទាំងបានអនុម័តលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តសៀមរាបផងដែរ ។
មានប្រសាន៍ឱកាសនោះលោក អ៊ឹង គឹមលាង បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ មករា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង អនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ សំខាន់លើការពន្លឿន ក្នុងការចុះបញ្ជីដីធ្លី ឲ្យបានរួចរាល់នៅឆ្នាំ២០២៥ ។ អាជ្ញាធរ សមត្ថកិច្ចនៅតាមបណ្តាក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះផងដែរ ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលតាមការគ្រោងទុក ។ ឯកឧត្តម ក៏បានលើកឡើងថា ក្នុងខែមករា និង ខែកុម្ភះ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត បានខិតខំក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យ សំខាន់លើការបម្រើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍មូលដ្ឋានបានល្អប្រសើរ ។ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមការិយាល័យបោះឆ្នោត ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប